ដើម្បីរួមចំណែកអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ អង្គភាពសេនាតេជោ បានចាត់តាំងនាយទាហាន រៀបចំតុបតែងទីតាំង លម្អផ្កានៅតំបន់ចម្លាក់០៧ មករា ១៩៧៩ ចងទង់ជាតិ និងធ្វើការបើកសារមន្ទីរតេជោសន្តិភាពជូនសាធារណៈជនជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី និងមានមគ្គុទ្ទេសក៍ឧទ្ទេសនាមជូនផងដែរ។ ទន្ទឹមនឹងនេះនៅពេលល្ងាចមានការបាញ់ទឹកអបអរសាទរ អមជាមួយចម្រៀងប្រវត្តិសាស្ត្រអំពីព្រឹត្តិការណ៍០៧ មករា ១៩៧៩បន្ថែមទៀត។
សាធារណៈជនជាតិ និងអន្តរជាតិមានការសាទរជាខ្លាំងចំពោះព្រឹត្តិការណ៍ទិវាជ័យជម្នះនេះ ផ្សារភ្ជាប់នឹងរឿងរ៉ាវប្រវត្តិសាស្ត្រនៃដំណើរស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែនផងដែរ។
ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជា ដែលបានចូលទស្សនាវិមានឈ្នះ ឈ្នះ ពិសេសនៅតំបន់សារមន្ទីរតេជោសន្តិភាព បានបង្ហាញនូវការដឹងគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងវីរៈជនកម្ពុជាដែលបានតស៊ូ ពលី ដើម្បីសង្រ្គោះជាតិសាសន៍កម្ពុជាចេញពីរបបដ៏យង់ឃ្នង ហើយបន្តដឹកនាំកម្ពុជាឲ្យមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ បោះជំហានមកកាន់ការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ៕









