និយតករអាកាសចរណ៍របស់សហរដ្ឋអាមេរិក បាននិយាយថា យន្តហោះប្រភេទប៊ូអ៊ីង ៧៣៧ មែកណាញ (Boeing 737 Max 9) ចំនួន ១៧១គ្រឿង នឹងនៅជាប់គាំងរហូតទាល់តែត្រូវបានត្រួតពិនិត្យថាយន្តហោះទាំងនោះមានសុវត្ថិភាព។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននឹងកំពុងត្រួតពិនិត្យយន្តហោះទាំងនោះ បន្ទាប់ពីផ្នែកនៃតួយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) បានដាច់ធ្លាក់កាលពីថ្ងៃសុក្រ។

ក្រុមហ៊ុន អាឡាស្កា អ៊ែរឡាញស៍ បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរចំនួន ១៧០ជើង កាលពីថ្ងៃអាទិត្យ និងចំនួន ៦០ជើងទៀតនៅថ្ងៃច័ន្ទ (០៨ មករា) នេះ ហើយការលុបចោលនឹងបន្តរហូតដល់ពាក់កណ្តាលដំបូងនៃសប្តាហ៍នេះ។ ការលុបចោលជើងហោះហើរកាលពីថ្ងៃអាទិត្យបានប៉ះពាល់ដល់ភ្ញៀវជិត ២៥.០០០ នាក់។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យយន្តហោះប៊ូអ៊ីង ចំនួន ១៧១គ្រឿងដែលបានដំឡើងជាមួយនឹងបន្ទះដូចគ្នាត្រូវចុះចតជាបណ្តោះអាសន្ន បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញស៍ ដែលមានអាយុកាល ៨សប្តាហ៍ ត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់ដោយសារមានចន្លោះប្រហោងនៅក្នុងតួយន្តហោះ។
រន្ធដោតទ្វារបានដាច់ចេញពីផ្នែកខាងឆ្វេងនៃយន្តហោះបន្ទាប់ពីហោះចេញពីទីក្រុង ផតលែន (Portland) រដ្ឋ អូរ៉េហ្កន (Oregon) ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង អនថារីយ៉ូ (Ontario) រដ្ឋកាលីហ្វ័រនីញ៉ា ដោយបង្ខំឱ្យអាកាសយានិកត្រូវហោះវិលត្រឡប់មកវិញ និងចុះចតដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំងអស់ ១៧១នាក់ និងនាវិក ៦នាក់នៅលើយន្តហោះនោះ៕