ភ្នំពេញ៖ គិតចាប់ពីឆ្នាំ១៩៩៧ រហូតត្រឹមបំណាច់ឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងការបង្កើតរោងចក្រ សហគ្រាសសរុបចំនួន ៤០,៨៤០រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧លាននាក់។ នេះតាមការបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងកម្មវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្តថា ដោយសារប្រទេសកម្ពុជាសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនិយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ បានទាក់ទាញអ្នកវិនិយោគជាច្រើនឲ្យមកបណ្តាក់ទុនក្នុងស្រុក ព្រមទាំងផ្តល់ឱកាសការងារជាច្រើនកន្លែងផងដែរជូនដល់ប្រជាពលរដ្ឋក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្តថា តាមរយៈការកសាងផ្លូវគមនាគមន៍ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ រោងចក្រ សហគ្រាសក៏ត្រូវបានបង្កើត បង្កើន និងពង្រីកទៅតាមបណ្តាខេត្តនានា។ ឯកឧត្តម បន្ថែមថា សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គិតត្រឹមឆ្នាំ២០២៣កន្លងទៅ មានចំនួន ១,៦៨០រោងចក្រ និងមានកម្មករនិយោជិតសរុបចំនួនជាង ៩១ម៉ឺននាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩ពាន់លានដុល្លារ។
ដោយឡែក ពាក់ព័ន្ធលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិត ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ត្រូវបានគិតគូរនិងលើកម្ពស់កាន់តែប្រសើរឡើង ប្រាក់ឈ្នួលអប្បបរមាបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០៤ដុល្លារ នៅឆ្នាំ២០២៤៕ អត្ថបទ៖ឈិត បូរ៉ាវី

