បណ្តាប្រទេសនៅមជ្ឈិមបូព៌ាត្រូវប្រើឥទ្ធិពលរបស់ពួកគេលើភាគីជម្លោះក្នុងតំបន់ ដើម្បីធានាថាជម្លោះនៅតំបន់ហ្កាហ្សា ត្រូវបានទប់ទល់ និងដើម្បីទប់ស្កាត់ «វដ្តនៃអំពើហិង្សាគ្មានទីបញ្ចប់» នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃសៅរ៍ (០៦ មករា)។

លោក ប្លីងខិន បាននិយាយនៅពេលល្ងាចបន្ទាប់ពីបានជួបជាមួយបណ្ដាមេដឹកនាំនៃប្រទេសទួរគី និងក្រិក នៅពេលចាប់ផ្តើមនៃការធ្វើដំណើររយៈពេលមួយសប្តាហ៍ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹងដែលបានកើនឡើង ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បានចាប់ផ្តើមនៅក្នុងខែតុលាមក។

លោកបានប្រាប់អ្នកយកព័ត៌មានថា បញ្ហានេះស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រជាជាតិស្ទើរតែទាំងអស់នៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការប្រយុទ្ធគ្នា។
រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅបណ្ដារដ្ឋអារ៉ាប់ ហើយនឹងទៅកាន់អ៊ីស្រាអែល និងតំបន់កាន់កាប់ វេស បែង រូបនេះបាននិយាយថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិបរាជ័យ នោះលទ្ធផលនឹងក្លាយជា «វដ្តនៃអំពើហិង្សាគ្មានទីបញ្ចប់ ព្រមទាំងការរស់នៅក្នុងភាពអសន្តិសុខ និងជម្លោះសម្រាប់ប្រជាជននៅក្នុងតំបន់»។

លោក Blinken ក៏បាននិយាយផងដែរថា លោកនឹងសម្លឹងមើលទៅលើអ្វីដែលអាចធ្វើបាន ដើម្បីបង្កើនការការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា និងបង្កើនការផ្តល់ជំនួយមនុស្សធម៌។
យោងតាមមន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងថា ការវាយលុកសងសឹករបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ២៣.០០០នាក់ ហើយជម្លោះនេះបានហូរចូលទៅក្នុងតំបន់វេស បែង ប្រទេសលីបង់ និងផ្លូវដឹកជញ្ជូនសមុទ្រក្រហម៕