ច្បាប់ហាមប្រាមកាយវិការគោរពរបស់បក្សកម្មុយនីស្ដណាហ្ស៊ី អាល្លឺម៉ង់ និងការបង្ហាញ ឬលក់និមិត្តសញ្ញាដែលពាក់ព័ន្ធជាមួយក្រុមភេរវករ បានចូលជាធរមានក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ (០៨ មករា) នេះខណៈដែលរដ្ឋាភិបាលឆ្លើយតបទៅនឹងការកើនឡើងនៃឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វបន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាបានផ្ទុះឡើង។

ច្បាប់នេះកំណត់បទល្មើសដល់អ្នកដែលសម្តែងកាយវិការគោរពរបស់បក្សណាហ្ស៊ី ឬបង្ហាញសញ្ញាបក្សណាហ្ស៊ី ឬនិមិត្តសញ្ញា ដែលជាប់ទាក់ទងនឹងក្រុមរ៉ាយោធាប៉ា ស្កុតស្តាហ្វែល (SS) របស់ណាហ្ស៊ីជាសាធារណៈ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១២ខែ។

ការលក់និងការជួញដូរនិមិត្តសញ្ញាទាំងនេះក៏ត្រូវបានហាមឃាត់ដូចគ្នា។ លោកអគ្គមេធាវី ម៉ាក ដ្រេយហ្វូស (Mark Dreyfus) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់នេះបានផ្ញើសារយ៉ាងច្បាស់លាស់ថា មិនមានកន្លែងណាមួយនៅក្នុងប្រទេសអូស្ត្រាលី សម្រាប់អ្នកដែលលើកតម្កើងការសម្លាប់រង្គាល ឬអំពើភេរវកម្មនោះទេ។

ច្បាប់ថ្មីនេះក៏បានហាមប្រាមការតាំងបង្ហាញជាសាធារណៈ ឬការជួញដូរនិមិត្តសញ្ញាដែលទាក់ទងនឹងអង្គការភេរវកម្មដែលត្រូវបានហាមឃាត់ ដូចជាក្រុមរដ្ឋអ៊ីស្លាម ក្រុមហាម៉ាស ឬគណបក្សពលករឃឺដ (PKK) ជាដើម៕