ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតចាប់ពីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិកភ័យ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ យុវជនបានមកចុះឈ្មោះដើម្បីរៀន មានចំនួន ២១,៥៩៥នាក់។

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងកម្មវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករានេះ បានមានប្រសាសន៍ថា ក្នុងចំនួនខាងលើនេះ យុវជនចុះឈ្មោះ មកពីរាជធានីភ្នំពេញ មានចំនួន ៨,៣៥៣នាក់ , ខេត្តបាត់ដំបង ២,៦៩៩នាក់ , សៀមរាប ១,៦១២នាក់ , កណ្តាល ៧៧៦នាក់ , ព្រះសីហនុ ៧៥៥នាក់ និងបណ្តាខេត្តផ្សេងៗចំនួន ៧,៤០០នាក់។ ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រសួងការងារ នឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំហ៊ានដំបូងនាពេលដ៏ខ្លីខាងមុខនេះ ចំនួន ៥០០ថ្នាក់។

សូមបញ្ជាក់ថា ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ រវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងការផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា៕ អត្ថបទ៖ឈិត បូរ៉ាវី




