ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា រួមជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលក្រាបបង្គុំទូលថ្វាយសួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះចៅអធិការវត្ត ឧណ្ណាលោម ដែលកំពុងព្យាបាលព្រះរោគ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម ចាយ បូរិន បានក្រាបបង្គំទូលថ្វាយនូវការផ្តាំផ្ញើរ សួរសុខទុក្ខ និងថ្វាយព្រះពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និង ក្រាបថ្វាយបង្គុំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។ ឯកឧត្តម បានសម្ដែងនូវការគោរពដឹងគុណកោតសរសើរដោយស្មោះចំពោះព្រះវីរៈភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ដែលបានយាងចូលរួមចំណែក បំរើវិស័យព្រះពុទ្ធសាសនាក៏ដូចជា ការស្តាកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនជារៀងរហូតមក។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បានបម្រើវិស័យពុទ្ធចក្រ ស្ទើរពេញមួយជីវិតរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសង្ឃក្នុងមជ្ឈឹមវ័យនៅឆ្នាំ១៩៥២ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសណស័ក្កជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ព្រះគ្រូធម្មាចារ្យ ទេព វង្ស ត្រូវបានរបបខ្មែរក្រហមចាប់ផ្សឹក និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាមួយប្រជាជនទូទាំងប្រទេស។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ លោកគ្រូធម្មាចារ្យបានចូលបួសវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួលសណស័ក្ក និងព្រះរម្យងារជាបន្តបន្ទាប់ដូចជា ព្រះឧបជ្ឈាយ៏ ប្រធានសង្ឃទូទាំងប្រទេស ជាព្រះមហាសុមេធាធិបតី ជាព្រះសង្ឃនាយក នៃរដ្ឋកម្ពុជា-ជាអនុប្រធានរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា-ជាអនុប្រធានរដ្ឋសភា-ជាសម្តេចសង្ឃរាជគណមហានិកាយ នៃកម្ពុជា -ជាគណអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៏មាតុភូមិកម្ពុជា-ជាឯកអគ្គរដ្ឋទូតសន្តិភាព ដោយសហព័ន្ធអន្តរជាតិ ជាសហប្រធានក្រុមប្រឹក្សាសាសនា ពិភពលោកដើម្បីសន្តិភាព នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក-ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត-សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ ឯកឧត្តម ចាយ បូរិន បានថ្វាយនូវទេយ្យទាន និងបច្ច័យដល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី និងសូមបួងសួងដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះពរជ័យដល់សម្តេច ឆាប់ជាពីព្រះរោគាពាធ មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ និងផ្ដល់ឱវាទដល់ព្រះសង្ឃនឹងប្រជាបរិស័ទគ្រប់វ័យ អោយបានយល់ដឹងនូវមាគ៌ា នៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ៕ អត្ថបទ៖ រដ្ឋា



