
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និងមន្ត្រីអង្គការសហប្រជាជាតិ ដែលបានទៅពិនិត្យមើលមន្ទីរពេទ្យ Al-Aqsa ក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា បានឃើញចំនួនអ្នករងរបួសជាច្រើននាក់ កំពុងត្រូវបានព្យាបាលដោយបុគ្គលិកមានចំនួនតិចតួចបំផុត ហើយបានអំពាវនាវឱ្យមានការការពារបន្ថែមទៀត សម្រាប់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ។
អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា មន្ទីរពេទ្យ Al-Aqsa នៅតែមានសារៈសំខាន់នៅក្នុងតំបន់ហ៊ុមព័ទ្ធប្រយុទ្ធ ក្នុងការផ្តល់សេវាសង្គ្រោះអាយុជីវិតដែលត្រូវការជាចាំបាច់ ដោយបានសុំអង្វរថា វាត្រូវតែរក្សាដំណើរការ និងពុំមានអរិភាពក្នុងទម្រង់ណាមួយឡើយ។
លោក Sean Casey អ្នកសម្របសម្រួលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក បាននិយាយថា ដោយសារបទបញ្ជាជម្លៀសចេញ និងស្ថានភាពដ៏គ្រោះថ្នាក់ នៅមានសល់តែគ្រូពេទ្យ ៥នាក់ប៉ុណ្ណោះ ដើម្បីពិនិត្យព្យាបាលករណីសង្គ្រោះបន្ទាន់រាប់រយករណី ព្រមទាំងអ្នកស្លាប់និងរងរបួសជាច្រើននាក់។
លោក Casey និយាយថា ក្រុមរបស់លោកបានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ និងគ្រែពេទ្យមួយចំនួនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យសម្រាប់អ្នកជំងឺ ៥.០០០នាក់ ដែលត្រូវការការលាងឈាម និងការថែទាំរបួស។ លោកបាននិយាយបន្ថែមថាអង្គការសុខភាពពិភពលោក កំពុងសម្លឹងមើលការដាក់ពង្រាយបុគ្គលិកសង្គ្រោះបន្ទាន់សម្រាប់មន្ទីពេទ្យ Al-Aqsa ដែលធ្លាក់ដល់មាត់ជ្រោះ ដូចមន្ទីរពេទ្យជាច្រើនកន្លែងទៀតនៅតំបន់ហ្កាហ្សា។