
ក្រុមមន្ត្រីបាននិយាយថា អ្នកទោសសរុបចំនួន ៥៣នាក់ បានរត់ចេញពីពន្ធនាគារនៅម៉ោងប្រហែល ១១:០០ព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងទីក្រុង សូរ៉ុង (Sorong) នៃខេត្ត ប៉ាពូអា (Papua) ភាគនិរតីនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ (០៧ មករា)។
ស្នងការនគរបាលក្រុងសូរ៉ុង លោក ហេបភី ផើដាណា យុឌៀនតូ (Happy Perdana Yudianto) បាននិយាយថា ក្នុងចំណោមអ្នកទោសចំនួន ៥៣នាក់ ដែលបានរត់គេចពីពន្ធនាគារថ្នាក់ទី២ B នៃពន្ធនាគារសូរ៉ុងនោះ មានត្រឹមតែ ៦នាក់ប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួនមកវិញ។
ដើម្បីចាប់ខ្លួនអ្នកទោសរាប់សិបនាក់នោះមកវិញ នគរបាលបានបិទច្រកចេញចូលទីក្រុងសូរ៉ុង ទាំងមូល។ លោក យុឌៀនតូ បាននិយាយថា អ្នកទោសដែលរត់គេចខ្លួននោះ គឺជាអ្នកពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មទូទៅ និងករណីគ្រឿងញៀន។
លោក ម៉ាញ៉ូអ៊ែល យ៉េនូស៊ី (Manuel Yenusi) ប្រធានពន្ធនាគារសូរ៉ុង បាននិយាយថា មុនពេលការរត់គេចខ្លួនដ៏ច្រើនរបស់អ្នកទោសបានកើតឡើង មានកម្មវិធីអធិស្ឋាននៅព្រឹកថ្ងៃអាទិត្យ ដែលអំណោយផលដល់ការរត់គេច។
ពន្ធនាគារសូរ៉ុង បានផ្ទុកអ្នកទោសចំនួន ៥៤៣នាក់ ដែលលើសពីសមត្ថភាពផ្ទុកដោយសារពន្ធនាគារនេះអាចដាក់អ្នកទោសត្រឹមតែចំនួន ២៥០នាក់ប៉ុណ្ណោះ៕