
តម្លៃប្រេងបានធ្លាក់ចុះជាង ១ភាគរយ នៅថ្ងៃចន្ទ (ទី៨ ខែមករា) នេះ ខណៈការកាត់បន្ថយតម្លៃដ៏ច្រើនភា្លមៗពីសំណាក់ប្រទេសនាំចេញធំបំផុតអារ៉ាប៊ីសាអ៊ូឌីត និងការកើនឡើងនៃទិន្នផលរបស់អង្គការ OPEC ត្រូវបានធ្វើឡើងតបនឹងការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ នៅតំបន់មជ្ឈិមបូព៌ា។
ប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១,០៩ភាគរយ ឬ ៨៦សេន ពោលគឺមកនៅត្រឹម ៧៧,៩០ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ៣:៤៤នាទី ម៉ោងកសល ខណៈពេលដែលហ៊ុនប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក ធ្លាក់ចុះ ១,១៥ភាគរយ ឬ ៨៥សេន ពោលគឺមកត្រឹម ៧២,៩៦ដុល្លារ ក្នុងមួយបារ៉ែល។
ការកើនឡើងនៃការផ្គត់ផ្គង់ និងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតគូប្រជែង បានជំរុញឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យ (ទី៧ ខែមករា) កាត់បន្ថយតម្លៃលក់ជាផ្លូវការ (OSP) នៅខែកុម្ភៈ សម្រាប់ប្រេងឆៅដ៏ល្បី Arab Light របស់ខ្លួនទៅកាន់ទ្វីបអាស៊ីឲ្យដល់កម្រិតទាបបំផុត ក្នុងរយៈពេល ២៧ខែ។
ហ៊ុននៃប្រេងឆៅទាំង២ បានឡើងជាង ២ភាគរយ នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ បន្ទាប់ពីអ្នកវិនិយោគវិលត្រឡប់ពីថ្ងៃឈប់សម្រាក ហើយមកផ្តោតលើហានិភ័យភូមិសាស្ត្រនយោបាយ នៅមជ្ឈិមបូព៌ា បក្រោយការវាយប្រហារដោយក្រុមឧទ្ទាមហួទីរបស់ប្រទេសយេម៉ែនលើនាវាដឹកជញ្ជូន នៅសមុទ្រក្រហម។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងសប្តាហ៍នេះ បាននិយាយថា ជម្លោះនៅតំបន់ហ្កាហ្សា អាចរីករាលដាលពាសពេញតំបន់ ប្រសិនបើមិនមានការខិតខំប្រឹងប្រែងរកសន្តិភាពរួមគ្នានោះទេ។
ការស្ទាបស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ដោយការធ្វើសកម្មភាពតបតនឹងសម្ពាធកើនឡើង ជុំវិញតម្លៃពីកង្វល់ភូមិសាស្ត្រនយោបាយ ទិន្នផលរបស់អង្គការនៃបណ្ដាប្រទេសនាំចេញប្រេង (OPEC) បានកើនឡើង ៧០.០០០បារ៉ែលក្នុងមួយថ្ងៃ (bpd) កាលពីខែធ្នូ គឺឡើងដល់ ២៧,៨៨លានបារ៉ែលក្នុងមួយថ្ងៃ៕