
អ្នកទោស Anders Behring Breivik អ្នកគាំទ្រស្តាំនិយម ដែលបានសម្លាប់មនុស្ស ៧៧នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារ នៅប្រទេសន័រវ៉ែស ក្នុងឆ្នាំ២០១១ នឹងស្នើសុំតុលាការ នៅថ្ងៃចន្ទ (ទី៨ ខែមករា) នេះ ឲ្យបញ្ចប់ការដាក់នៅក្នុងពន្ធនាគារដាច់តែឯង ដោយនិយាយថា ការធ្វើនោះបំពានសិទ្ធិមនុស្សរបស់លោក។
បុរសវ័យ ៤៤ឆ្នាំដែលបានផ្ញើសេចក្ដីចម្លងនិវេទន៍ជាច្រើនច្បាប់ មុនពេលការវាយប្រហាររបស់រូបគេ ដែលពន្យល់ពីទ្រឹស្តីរបស់គេ ក៏កំពុងប្តឹងរដ្ឋ ក្នុងគោលបំណងឲ្យលុបចោលការរឹតបន្តឹងលើការឆ្លើយឆ្លងរបស់រូបគេជាមួយពិភពខាងក្រៅ។
សូមរំលឹកថា លោក Breivik បានសម្លាប់មនុស្ស ៨នាក់ ដោយការបំផ្ទុះក្នុងរថយន្ត នៅទីក្រុង Oslo បន្ទាប់មកបានបាញ់សម្លាប់មនុស្សចំនួន ៦៩នាក់ទៀត ដែលភាគច្រើនជាក្មេងជំទង់នៅឯជំរុំយុវជនរបស់គណបក្សការងារ ជាអំពើឃោរឃៅដ៏អាក្រក់បំផុតរបស់ប្រទេសន័រវ៉ែស។
មេធាវីតំណាងឲ្យក្រសួងយុត្តិធម៌ន័រវ៉ែស និយាយថា អ្នកទោស Breivik ត្រូវតែនៅដាច់ដោយឡែកពីអ្នកទោសផ្សេងទៀត នៅក្នុងពន្ធនាគារដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខ ដែលរូបគេកំពុងបន្តបង្ហាញ។
លោក Breivik ជាប់ពន្ធនាគារ ២១ឆ្នាំ ពោលគឺជារយៈពេលយូរបំផុត ដែលតុលាការន័រវេសអាចដាក់បាន តែអាចបន្លាយរយៈពេលបន្ថែមទៀត ប្រសិនបើរូបគេត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់សង្គម៕