ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានព្រមានធ្ងន់ៗ និងយ៉ាងដាច់ណាត់ថា កងទ័ពទាំងអស់មិនថាថ្នាក់នាយឧត្តមសេនីយ៍នោះទេ ឲ្យតែរកឃើញមានការពាក់ព័ន្ធការប្រើប្រាស់ ជួញដូរ និងផ្តល់ទីតាំងសម្រាប់ផលិតគ្រឿងញៀនជាដាច់ខាតត្រូវតែបណ្តេញចេញពីជូរកងយោធពលខេមរភូមិន្ទ និងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ។
ការព្រមានរបស់ប្រមុខកងទ័ពរូបនេះគឺបានធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីភាពបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅសាលានាយទាហានសកម្ម (ត្មាតពង) ខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបលើកទី៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា ២០២៤។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា«កងយោធពលខេមរភូមិន្ទ មិនឱ្យជួញដូរគ្រឿងញៀនជាដាច់ខាត បើអ្នកជួញដូរគ្រឿងញៀនកុំថាឡើយយុទ្ធជន សូម្បីតែនាយឧត្តមសេនីយ៍ ក៏ត្រូវតែទទួលទោសទណ្ឌជាប់គុកដូចគ្នា ហើយនឹងបណ្តេញចេញពីកងយោធពលខេមរភូមិន្ទផងដែរ។
នាយឧត្តមសេនីយ៍បានបន្តទៀតថា បទបញ្ជាខាងលើនេះមានយូរហើយ ដូច្នេះកងទ័ពទាំងអស់ ត្រូវជៀសឲ្យឆ្ងាយ ហើយមួយវិញទៀត កងទ័ពដែលប្រើប្រាស់គ្រឿងញៀនហើយបែរជាឆ្លើយថាខ្លួនជាជនរងគ្រោះដោយសារគ្រឿងញៀនទៅវិញនោះ គឺមិនអាចទទួលយកបាននោះឡើយ។ ដោយចំពោះករណីនេះ បើនៅកម្រិតស្រាលគឺត្រូវបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍វង្ស ពិសេន ក៏បានរំលឹក និងកោតសរសើរចំពោះកងទ័ពជើងទឹក ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើការអនុវត្តបានយ៉ាងល្អ ដោយបានបណ្តេញចេញពីកងយោធពលខេមរភូមិន្ទ មានទាំងវរសេនីយ៍ ទាំងអនុសេនីយ៍ ជាបន្តបន្ទាប់ដោយសារការប្រើប្រាស់គ្រឿងញៀននេះផងដែរ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍បាន រំលឹកដល់កងទ័ពទាំងអស់ ដោយមិនត្រូវផ្តល់ទីតាំងដីឯកជន និងដីសមហភាព ទៅឱ្យឧក្រិដ្ឋជនសម្រាប់ធ្វើជាទីតាំងផលិតគ្រឿងញៀនជាដាច់ ទោះស្ថិតនៅក្នុងរូបភាពណាក៏ដោយ។ ពោះករណីនេះប្រសិនបើមានកងទ័ពណាម្នាក់ហ៊ានលួចលាក់ប្រព្រឹត្តបទល្មើសនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងនោះទេ។
សូមបញ្ជាក់ថា ក្រោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការដកមន្រ្តី របស់ខ្លួនជាបន្តបន្ទាប់ ក្រោយពីរកឃើញថាពួកគេទាំងនោះបានប្រើប្រាស់គ្រឿងញឿន។ ចំណាត់ការនេះ ត្រូវបានស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាអង្គការសង្គមស៊ីវិលផងដែរ៕ អត្ថបទ៖ បាន ចក់







