
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានកោតសរសើរយ៉ាងខ្លាំងដល់កងទ័ពជើងទឹកឥណ្ឌា និងអង្គការស្រាវជ្រាវទីអវកាសឥណ្ឌា សម្រាប់ជោគជ័យរបស់ពួកគេកាលពីពេលថ្មីៗនេះ ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន កងទ័ពជើងទឹកឥណ្ឌា បានជួយសង្រ្គោះក្រុមនាវិកលើនាវាពាណិជ្ជករ ក្រោយរងការប៉ុនប៉ងប្លន់ក្នុងសមុទ្រអារ៉ាប់ ហើយពួកគេនិយាយថា ពួកគេពុំបានរកឃើញចោរសមុទ្រណាម្នាក់នៅលើនាវានោះឡើយ ។
នាវចម្បាំងកងទ័ពជើងទឹកឥណ្ឌា បានស្កាត់ជាប់នាវាដឹកជញ្ជូន MV Lila Norfolk ចងទង់ជាតិលីបេរីយ៉ា រយៈពេល ១ថ្ងៃក្រោយទទួលបានសេចក្តីរាយការណ៍ថា នាវាមួយគ្រឿងនេះ ត្រូវបានគេប្លន់នៅចម្ងាយប្រហែល ៨៥០គ.មពីតំបន់ឆ្នេរប្រទេសសូម៉ាលី ។
ដោយឡែក កាលពីថ្ងៃសៅរ៍កន្លងទៅ បេសកកម្មព្រះអាទិត្យលើកដំបូង Aditya-L1 (អាទិត្យា-L1)របស់អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា បានឈានដល់គោលដៅរបស់ខ្លួននៅក្នុងរយៈពេលគ្រោងទុក ៤ខែ ។
ក្រោយការបាញ់បង្ហោះនៅថ្ងៃទី ២ ខែកញ្ញា យានអវកាសបានឈរលើចំណុច Lagrange Point 1 ដែលយោងតាមការអះអាងរបស់អង្គការ NASA ថាវាគឺជាចំណុចស្ថិតនៅចន្លោះផែនដី និងព្រះអាទិត្យ ហើយនិងស្ថិតនៅក្រៅគន្លងព្រះច័ន្ទ ។
ពីចំណុចមួយនេះ ពួកគេនឹងសិក្សាទូលំទូលាយលើតារានៅកណ្តាលប្រព័ន្ធព្រះអាទិត្យ ដោយផ្តោតសំខាន់លើថ្ងៃបាំងឆ័ត្រ និងឥទ្ធិពលរបស់វាមកលើអាកាសធាតុអវកាស ៕