
ជនស៊ីវិលរាប់រយនាក់ បានជ្រកក្នុងស្ថានីយ៍រថភ្លើងក្រោមដីនៅព្រឹកថ្ងៃចន្ទនេះ ពេលដែលក្រុមមន្រ្តីអ៊ុយក្រែន អះអាងថា រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំនៅទូទាំងប្រទេស ។
ប្រជាពលរដ្ឋក្នុងស្រុក បានប្រើប្រាស់ស្ថានីយ៍រថភ្លើងក្រោមដីជាជម្រកដែលអាចទុកចិត្តបាន អំឡុងការវាយប្រហារដោយមីស៊ីលនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ គោលដៅនៃការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីលើកនេះ មិនត្រូវបានគេដឹងច្បាស់នោះទេ ប៉ុន្តែការវាយប្រហារនេះ បណ្តាលឲ្យមនុស្សរងរបួសជាច្រើននាក់នៅទីក្រុង Kharkiv និងទីក្រុង Zaporizhzhia ។
ខណៈពេលនោះដែរ អភិបាលតំបន់ Donetsk គ្រប់គ្រងដោយអ៊ុយក្រែនលោក Vadym Filashkin និយាយថា ការវាយប្រហារដោយមីស៊ីលរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ នៅទីក្រុង Pokrovsk ស្ថិតនៅភាគខាងកើតអ៊ុយក្រែន ។
លោក Filashkin បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មនុស្ស ១១នាក់ បានស្លាប់ រួមទាំងកុមារ ៥នាក់ផងដែរ ទាំងនេះគឺជាផលវិបាកសម្រាប់ការវាយប្រហារបច្ចុប្បន្នលើទីក្រុង Pokrovsk ។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថានាពេលល្ងាចប្រចាំថ្ងៃរបស់លោកថា មនុស្សយ៉ាងហោច ១០នាក់ ត្រូវបានសម្លាប់ ហើយប្រតិបត្តិការជួយសង្រ្គោះ កំពុងធ្វើឡើង ៕