
កសិករអាល្លឺម៉ង់បានចាប់ផ្តើមធ្វើការតវ៉ាទូទាំងប្រទេសមួយសប្តាហ៍ នៅព្រឹកថ្ងៃចន្ទ (ទី៨ ខែមករា) ដើម្បីឆ្លើយតបទៅនឹងផែនការកាត់បន្ថយឧបត្ថម្ភធនកសិកម្ម ខណៈដែលរដ្ឋាភិបាលចម្រុះ កំពុងប្រញាប់ប្រញាល់រៀបចំហិរញ្ញវត្ថុរបស់ខ្លួន។
រូបភាពបានបង្ហាញក្បួនត្រាក់ទ័រ និងរថយន្តដឹកទំនិញ ដែលខ្លះតុបតែងដោយបដាតវ៉ា នៅលើវិថីនានារបស់អាល្លឺម៉ង់ ក្នុងសីតុណ្ហភាពក្រោមសូន្យ នាពេលព្រឹកព្រលឹម។ របាយការណ៍របស់នគរបាលបានឲ្យដឹងថា បណ្ដាផ្លូវ និងផ្លូវហាយវេ ត្រូវបានបិទនៅទីតាំងជាច្រើន ដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ អំឡុងម៉ោងចរាចរណ៍យ៉ាងប្រញាប់ប្រញាល់ នាពេលព្រឹកព្រលឹម។
កសិករបានប្តេជ្ញាបិទផ្លូវចរាចរណ៍ និងដឹកជញ្ជូនសំខាន់ៗ រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈពួកគេបានព្រមានថា ការបញ្ចប់ការផ្តាច់ពន្ធ នឹងធ្វើឲ្យកសិដ្ឋានមិនអាចធ្វើអាជីវកម្មបាន។ ប្រធានសមាគមកសិករអាល្លឺម៉ង់ DBV បានសុំឲ្យសាធារណជនមានការយោគយល់ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ នៅថ្ងៃចន្ទនេះ។
ប្រតិកម្មរិះគន់ពីកសិករ កាលពីសប្តាហ៍មុន បានជំរុញឲ្យរដ្ឋាភិបាលចម្រុះរបស់អធិការបតី លោក Olaf Scholz កំពុងប្រញាប់ប្រញាល់ ដើម្បីបញ្ចប់សេចក្តីព្រាងថវិកាឆ្នាំ២០២៤ ដែលត្រូវបានពន្យារពេលដោយសេចក្តីសម្រេចរបស់តុលាការ ដើម្បីធ្វើការផ្លាស់ប្តូរភ្លាមៗ ក្នុងនោះរួមទាំងការកែប្រែផែនការកាត់បន្ថយការឧបត្ថម្ភធន សម្រាប់វិស័យកសិកម្មផងដែរ។
ជាជាងការបញ្ចប់ភ្លាមៗលើការផ្តាច់ពន្ធរបស់កសិករ សម្រាប់ប្រេងម៉ាស៊ូតកសិកម្ម ការឧបត្ថម្ភធននឹងត្រូវកាត់បន្ថយចំនួន ៤០ភាគរយ នៅឆ្នាំនេះ ៣០ភាគរយ នៅឆ្នាំ២០២៥ ហើយនឹងបញ្ចប់ទាំងស្រុង ចាប់ពីឆ្នាំ២០២៦។ រដ្ឋាភិបាល ក៏បានទម្លាក់ផែនការលុបចោលការអនុគ្រោះពន្ធលើយានយន្ត សម្រាប់ព្រៃឈើ និងកសិកម្មផងដែរ។ តែយ៉ាងណាក្ដី DBV បាននិយាយថា ការផ្លាស់ប្តូរនេះមិនគ្រប់គ្រាន់ទេ ហើយជាប់គាំងជាមួយនឹងផែនការតវ៉ា នៅសប្តាហ៍នេះ៕