
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg បានជួបជាមួយប្រធានក្រុមប្រឹក្សាដឹកនាំប្រធានាធិបតីយេម៉ែន (PLC) លោក Rashad Al-Alimi នៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យ ដើម្បីផ្តល់ព័ត៌មានជូនលោកអំពីការវិវឌ្ឍចុងក្រោយនៃដំណើរការសន្តិភាពដែលដឹកនាំដោយអង្គការសហប្រជាជាតិ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba លោក Grundberg បានធ្វើបច្ចុប្បន្នភាពជូនលោក Al-Alimi អំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួនជាមួយដៃគូអន្តរជាតិ ដើម្បីបន្តការចរចានយោបាយដ៏ទូលំទូលាយរវាងភាគីជម្លោះយេម៉ែន ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។
របាយការណ៍ បានឲ្យដឹងថា កិច្ចប្រជុំនេះ បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសយេម៉ែន និងតម្រូវការសម្រាប់សម្ពាធអន្តរជាតិកាន់តែខ្លាំងលើកងជីវពលហួទី ដើម្បីចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងបញ្ចប់ការឈឺចាប់របស់ប្រជាជនយេម៉ែន។
លោក Al-Alimi បានរំលឹកឡើងវិញនូវការគាំទ្ររបស់ PLC និងរដ្ឋាភិបាលយេម៉ែនសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់បេសកជនUN ហើយបានសន្យាជួយសម្រួលដល់ការងាររបស់លោកឆ្ពោះទៅកាន់ការបំពេញតម្រូវការរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំ លោក Grundberg បាននិយាយថា លោកបានពិភាក្សាអំពីផែនទីបង្ហាញផ្លូវរបស់អង្គការសហប្រជាជាតិជាមួយលោក Al-Alimi ដែលមានគោលបំណងអនុវត្តការប្តេជ្ញាចិត្តរបស់ភាគីចំពោះបទឈប់បាញ់ទូទាំងប្រទេស វិធានការដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងការបន្តការចរចានយោបាយឲ្យបានគ្រប់ជ្រុងជ្រោយ។