
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ខ្លួនត្រូវបានបង្ខំលុបចោលបេសកកម្មបញ្ជូនគ្រឿងបរិក្ខារពេទ្យទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ (ទី៧ ខែមករា) បន្ទាប់ពីមិនអាចទទួលបានការធានាសុវត្ថិភាព។
នេះជាលើកទី៤ ហើយ ដែល WHO ត្រូវលុបចោលបេសកកម្ម ដែលបានគ្រោងទុក ដើម្បីយកសម្ភារផ្គត់ផ្គង់វេជ្ជសាស្រ្តចាំបាច់បន្ទាន់ទៅកាន់មន្ទីរពេទ្យ Al-Awda និងឱសថស្ថានសំខាន់ នៅភាគខាងជើងតំបន់ហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី២៦ ខែធ្នូមក។
ការិយាល័យ WHO នៅតំបន់កាន់កាប់ប៉ាឡេស្ទីន បានសរសេរនៅលើវេទិកាបណ្ដាញសង្គម X ថា៖ «ឥឡូវនេះ វាមានរយៈពេល ១២ថ្ងៃហើយ ចាប់តាំងពីពេលដែលយើងអាចទៅដល់ភាគខាងជើងហ្កាហ្សា។ ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា ការរឹតបន្តឹងលើការធ្វើសកម្មភាព និងការរំខានទំនាក់ទំនង កំពុងធ្វើឲ្យស្ទើរតែមិនអាចទៅរួចនោះទេ ក្នុងការផ្តល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តឲ្យបានជាប់លាប់ និងដោយសុវត្ថិភាព នៅទូទាំងតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើង»។
WHO បានលើកឡើងថា ការដឹកជញ្ជូន ដែលបានគ្រោងទុកនៅថ្ងៃទី៧ ខែមករា ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់ប្រតិបត្តិការនៃមន្ទីរពេទ្យចំនួន៥ នៅភាគខាងជើងនៃដែនដីនេះ។
ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកមានការភ្ញាក់ផ្អើល ចំពោះទំហំតម្រូវការសុខភាព និងការបំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាភាគខាងជើង។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ការពន្យារពេលបន្ថែមទៀតនឹងនាំឲ្យមានការស្លាប់ និងការឈឺចាប់ ចំពោះប្រជាជនកាន់តែច្រើនឡើងថែមទៀត»៕