
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាន និងកំពុងជួបពិភាក្សាបន្ថែមទៀតជាមួយបណ្ដាមេដឹកនាំអារ៉ាប់ នៅថ្ងៃចន្ទ (ទី៨ ខែមករា) នេះ ដែលជាផ្នែកមួយនៃការជំរុញការទូត ដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សា ដែលកំពុងរីករាលដាលទៅកន្លែងផ្សេងទៀត។
លោក Blinken បានជួបជាមួយព្រះប្រមុខរដ្ឋរបស់រាជធានី Abu Dhabi គឺព្រះអង្គម្ចាស់ Sheikh Mohammed Bin Zayed Al Nahyan ក្នុងប្រទេសអារ៉ាប់រួម ហើយនៅយប់ថ្ងៃទី៨ ខែមករានេះ នៅប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងនឹងជួបពិភាក្សាជាមួយរជ្ជទាយាទ Mohammed bin Salman នៅទីក្រុង Al Ula មុនពេលចេញដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។
លោក Blinken បានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្ស៊កដានី និងកាតា កាលពីថ្ងៃទី៧ ខែមករា ហើយបានស្វែងរកការធានាឡើងវិញ ចំពោះមន្ត្រីអារ៉ាប់ថា សហរដ្ឋអាមេរិកប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីន នៅខាងក្រៅតំបន់ហ្កាហ្សា ហើយជំនួសមកវិញចង់ឲ្យប្រទេសជិតខាងភាគច្រើនមូស្លីមរបស់អ៊ីស្រាអែលដើរតួនាទីក្នុងអភិបាលកិច្ចនាពេលអនាគតរបស់ដែនដីនេះ។
លោក Blinken កំពុងធ្វើដំណើរទៅកាន់តំបន់នេះជាលើកទី៤ ចាប់តាំងពីខ្មាន់កាំភ្លើងក្រុមហាម៉ាសមកពីតំបន់ហ្កាហ្សា បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលជំរុញឲ្យអ៊ីស្រាអែលបើកការវាយលុកយោធារបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ឆ្នេរនេះ។
លោកកំពុងស្នើឲ្យរដ្ឋនានាឲ្យប្រឹងប្រែងមជួយកាត់បន្ថយភាពតានតឹង ដែលបានបង្កឲ្យមានអំពើហិង្សារួចហើយ នៅក្នុងតំបន់កាន់កាប់វ៉េសប៊ែង ប្រទេសលីបង់ ស៊ីរី និងអ៊ីរ៉ាក់ ក៏ដូចជានាំឲ្យមានការវាយប្រហាររបស់ក្រុមហួទីលើផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម៕