
កន្លែងចោលសំរាមអណ្តែតទឹកដ៏ធំ នៅក្នុងជ្រោះនៃទន្លេ Drina គឺជាការមើលឃើញមុនគេ សម្រាប់ភ្ញៀវទេសចរ ដែលចូលទៅកាន់ទីក្រុង Visegrad ភាគខាងកើតនៃប្រទេសបូស្ន៊ី ដែលធ្វើឲ្យខូចចំណាប់អារម្មណ៍ជាវិជ្ជមាននៃទីក្រុងប្រវត្តិសាស្ត្រ និងបង្កើនការភ័យខ្លាចពីផលប៉ះពាល់របស់សំរាមទាំងនោះទៅលើសុខភាព និងសេដ្ឋកិច្ចរបស់ប្រជាជន។
ទន្លេ Drina ហូរកាត់ប្រទេសម៉ុងតេណេហ្គ្រោ ស៊ែប៊ី និងបូស្ន៊ី ប៉ុន្តែសំរាមភាគច្រើនត្រូវបានកកកុញនៅក្នុងចរន្តទឹករបស់បូស្ន៊ី បន្ទាប់ពីរោងចក្រថាមពលវារីអគ្គិសនីទីក្រុង Visegrad បានចាប់ផ្តើមធ្វើការពាំងសំរាមអណ្តែតទឹក ដើម្បីការពារកុំឲ្យសំរាមនោះធ្វើឲ្យបាក់ទំនប់វារីអគ្គិសនី កាលពីប្រមាណជា ២០ឆ្នាំមុន។
លោក Dejan Furtula របស់ក្រុមបរិស្ថាន Eko Centar Visegrad បាននិយាយថា មានកាកសំណល់ប្រភេទផ្សេងៗគ្នាប្រហែល ៥.០០០ម៉ែត្រគូប ហើយស្ថានភាពបែបនេះកើតឡើងជារៀងរាល់ឆ្នាំ។ ម្ចាស់ និងបុគ្គលិកសណ្ឋាគារ និងភោជនីយដ្ឋាន ក្នុងទីក្រុង Visegrad ក៏បានត្អូញត្អែរដែរថា គំនរសំរាមអណ្តែតទឹកនេះ កំពុងប៉ះពាល់ដល់វិស័យទេសចរណ៍។
លោក Danko Maljukan បុគ្គលិកផ្នែកបដិសណ្ឋារកិច្ច បាននិយាយថា សំរាមគឺជារូបភាពដំបូង ដែលភ្ញៀវទេសចរ បានឃើញចូលប្រទេសរបស់យើង៕