
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani នៅថ្ងៃចន្ទ (ទី៨ ខែមករា) នេះ បាននិយាយថា ប្រទេសមានឧស្សាហកម្មឈានមុខគេទាំង៧ ឬG7 កំពុងធ្វើការជាមួយអ៊ីស្រាអែល ដើម្បីធានាឲ្យបានការបញ្ចប់ «យ៉ាងឆាប់រហ័ស» ចំពោះសង្រ្គាមបំផ្លិចបំផ្លាញរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា និងកាត់បន្ថយការបាត់បង់អាយុជីវិតជនស៊ីវិល។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីតាលី បានឲ្យដឹងថា លោក Tajani បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron និងរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna ហើយបានលើកឡើងពី «ទម្រង់ដាក់សម្ពាធរួមគ្នានៅកម្រិត G7 លើបណ្ដាភាគីពាក់ព័ន្ធ (ក្នុងជម្លោះ) ដើម្បីសម្រេចបាននូវគោលបំណងជាក់លាក់»។
ក្រសួងបានដកស្រង់សំដីរបស់លោក Tajani ដែលនិយាយថា៖ «ក្រុមប្រទេស G7 កំពុងធ្វើការជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីស្វែងរកផ្លូវចេញឲ្យបានលឿនពីដំណាក់កាលប្រើប្រាស់យោធា»។
សូមបញ្ចាក់ថា អ៊ីស្រាអែលបានបើកការវាយលុកតាមផ្លូវអាកាស និងផ្លូវគោកក្នុងទ្រង់ទ្រាយធំ នៅក្នុងតំបន់ហ្កាហ្សា ដោយមានគោលបំណង ដែលបញ្ជាក់ថា នឹងបំផ្លាញចលនាក្រុមហាម៉ាសប៉ាឡេស្ទីន ដែលកំពុងកាន់អំណាច នៅតំបន់នេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែន ដោយពួកសកម្មប្រយុទ្ធនេះ កាលពីថ្ងៃទី៧ ខែតុលា៕