
នៅក្នុងបន្ទូលទៅកាន់អ្នកការទូតជាច្រើននាក់ជារៀងរាល់ឆ្នាំរបស់សម្ដេចប៉ាបនៅថ្ងៃច័ន្ទនេះស្តីពីជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន សម្ដេចបានមានបន្ទូលថា ការវាយប្រហារលើជនស៊ីវិលដោយមិនរើសមុខគឺជាឧក្រិដ្ឋកម្មសង្រ្គាមពីព្រោះវាបានរំលោភទៅលើច្បាប់អន្ដរជាតិ។
សម្ដេចបានធ្វើអត្ថាធិប្បាយបែបនេះមានរយៈពេល៤៥នាទី ទៅកាន់អ្នកការទូតជាច្រើននាក់ដែលបានទទួលស្គាល់វិមានវ៉ាទីកង់ថា មានពេលខ្លះបានហៅសុន្ទរកថារបស់សម្ដេចជា ការថ្លែងសន្ទរកថារបស់ពិភពលោក។
ទាក់ទងនឹងការព្រួយបារម្ភពីជម្លោះរវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សាដែលអាចរាលដាលក្នុងតំបន់នោះ សម្ដេចបានអំពាវនាវអោយមានបទឈប់បាញនៅគ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផងដែរ។
សម្ដេចបានថ្កោលទោសការវាយប្រហារកាលពីថ្ងៃទី៧តុលារបស់ក្រុមហាម៉ាស់ ថា ជាសកម្មភាពភេវរកម្មដ៏សាហាវ និងជ្រុលនិយម ហើយសម្ដេចបានអំពាវនាវសាជាថ្មី អោយមានការដោះលែងភ្លាមៗនូវចំណាប់ថ្នូរដែលនៅសេសសល់ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សានៅឡើយ។
សម្ដេចប៉ាបហ្រ្វង់ស៊ីស ដែលមានព្រះជន្ម៨៧ព្រះវស្សាអង្គនេះ បានមានបន្ទូលថា ការបង្កើនអោយមានការប្រឆាំងជនជាតិជ្វីហ្វថ្មីៗនេះ បានធ្វើឡើងបន្ទាប់ពីការចាប់ផ្ដើមសង្រ្គាមនៅតំបន់ហ្កាហ្សានោះ គឺជាគ្រោះកាចមួយដែលមិនត្រូវអោយមាននៅក្នុងសង្គមជាដាច់ខាត៕