រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងទៅដល់ប្រទេសអ៊ីស្រាអែល បំណងបញ្ឈប់ជម្លោះនៅតំបន់ហ្កាហ្សា ដែលកំពុងរីកកាន់តែធំឈានដល់ដំណាក់កាលប្រឈមដាក់គ្នាក្នុងតំបន់កាន់តែខ្លាំង។
នៅក្នុងដំណើររយៈពេល៥ថ្ងៃដែលធ្វើដំណើរទៅកាន់បណ្ដារដ្ឋអារ៉ាប់ និងតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល លោក Blinken បានអំពាវជាថ្មីទៀតថា ជនស៊ីវិលប៉ាឡេស្ទីន មិនត្រូវបង្ខំឱ្យចាកចេញពីហ្កាហ្សា ឡើយ ដោយបន្ថែមថា ពលរដ្ឋដែលបានភៀសខ្លួន គួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះសម្បែងពួកគេវិញពេលការប្រយុទ្ធបានបញ្ចប់។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួនបានបង្ហោះសំណើជាថ្មីទៀតឲ្យមានការផ្ទេរដោយស្ម័គ្រចិត្តសម្រាប់ពលរដ្ឋហ្កាហ្សា ទៅកាន់ប្រទេសទីបីដែលជាផ្នែកនៃដំណោះស្រាយសន្តិភាពរយៈពេលវែង។
កាលពីសប្តាហ៍មុន ការវាយប្រហារដោយយានដ្រូនក្នុងទីក្រុង បេរូត (Beirut) បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ហាម៉ាសលោក សាឡេ អាល់ អារូរី (Saleh al-Arouri) ។
ទន្ទឹមនឹងនេះ ការវាយប្រហារដោយយានដ្រូនពីសំណាក់ក្រុមឧទ្ទាម ហ៊ួធី (Houthi) លើនាវាដឹកជញ្ជូននៅសមុទ្រក្រហម នៅតែបន្តមាន បើទោះបីជាមានការព្រមានថានឹងមានការឆ្លើយតបពីយោធាអាមេរិកក៏ដោយ។
ថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសកាតា លោក សេក អាប់ឌុលរ៉ាម៉ាន់ ថានី (Sheikh Abdulrahman Al Thani) កាលពីថ្ងៃអាទិត្យ លោក Blinken បាននិយាយថា នេះគឺជាជម្លោះដែលអាចរីករាលដាលយ៉ាងងាយបំផុត ដែលនឹងបណ្តាលឱ្យមានអសន្តិសុខ និងការរងទុក្ខកាន់តែធ្ងន់ធ្ងរថែមទៀត៕