ប្រធានាធិបតីអេក្វាឌ័រលោក ដានីញែល ណូបាវ (Daniel Noboa) កាលពីថ្ងៃចន្ទបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ ថ្ងៃ ត្រឹមមួយថ្ងៃ បន្ទាប់ពីអ្នកទោសដែលជាមុខសញ្ញាធំបំផុត របស់ប្រទេសនេះបានបាត់ខ្លួនពីពន្ធនាគារ ជាទីដែលជនល្មើស ត្រូវបានឃុំខ្លួន។

ការដាក់ប្រទេសក្នុងគ្រាអាសន្ន និងព្រឹត្តិការណ៍នានាដែលកំពុងកើតឡើងទូទាំងប្រទេស គឺស្ថិតក្នុងចំណោមការធ្វើតេស្តសន្តិសុខដ៏ធំលើកដំបូងសម្រាប់ លោកណូបាវ (Noboa) ជាអ្នកជំនួញវ័យក្មេងដែលបានចូលកាន់តំណែងកាលពីខែវិច្ឆិកា ដោយសន្យាថានឹងបង្ក្រាបឲ្យបានគ្រប់រូបភាពនៃអំពើ ហិង្សា ដែលកំពុងងើបឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។

លោក ណូបាវ (Noboa)បាននិយាយថា លោកទើបតែបានចុះហត្ថលេខាលើក្រឹត្យស្តីពីភាពអាសន្ន ដើម្បីឲ្យកងកម្លាំងប្រដាប់អាវុធមានការគាំទ្រផ្នែកនយោបាយ និងផ្លូវច្បាប់សម្រាប់សកម្មភាពរបស់ពួកគេ។
ដល់ពេលហើយ ដែលរដ្ឋាភិបាល ត្រូវចាត់វិធានការ លើក្រុមអ្នកទោសជួញដូរគ្រឿងញៀន ជនប្រព្រឹត្តិអំពើហិង្សា និងឧក្រិដ្ឋកម្មដែលមានគម្រោងទុកជាមុន។

ទីភ្នាក់ងារពន្ធនាគាររបស់ប្រទេសអេក្វាឌ័របាននិយាយថា មានឧបទ្ទវហេតុមួយចំនួន កាលពីថ្ងៃចន្ទនៅឯពន្ធនាគារចំនួន ៦កន្លែង ដែលផ្ទុកមនុស្សច្រើនកកកុញរបស់ប្រទេសនេះ ជាទីដែលការប៉ះទង្គិចគ្នារវាងជាគូប្រជែងក្រុមជនអន្ធពាល កើតមានជាញឹកញាប់ ហើយបានធ្វើឱ្យអ្នកទោសជាង៤០០ នាក់បានស្លាប់ចាប់តាំងពីឆ្នាំ២០២១មក ។
កាលពីថ្ងៃអាទិត្យ លោក អាដូលហ្វូ ម៉ាស៊ីសៀស (Adolfo Macias) មេដឹកនាំក្រុមឧក្រិដ្ឋជនដែលមានឈ្មោះថា ឡូស ខូណើរ៉ូស (Los Choneros) បានបាត់ខ្លួនពីពន្ធនាគារ ដែលបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៤ ឆ្នាំ ៕