អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមឧទ្ទាមហេសបូឡា (Hezbollah) នៅក្នុងការវាយប្រហារមួយនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ (០៨ មករា) នេះបើយោងតាមប្រភពដែលស្គាល់ពីប្រតិបត្តិការរបស់ក្រុមនេះ ដោយនោះជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរយៈពេលបីខែនៃអរិភាពនៅព្រំដែនលីបង់ និងអ៊ីស្រាអែល។

ប្រភពជាន់ខ្ពស់មួយនៅក្នុងប្រទេសលីបង់បាននិយាយថា លោក វីសសាម ថាវីល (Wissam Tawil) គឺជាមេបញ្ជាការនៃកងកម្លាំងវរជន រ៉ាដវ៉ាន (Radwan) របស់ក្រុមហេសបូឡា និងជាមន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមនេះ ដែលត្រូវបានសម្លាប់ក្នុងជម្លោះនេះ ដោយបន្ថែមថាលោក ថាវីល មានតួនាទីនាំមុខក្នុងការដឹកនាំប្រតិបត្តិការរបស់ខ្លួននៅភាគខាងត្បូង។

ក្រុមយុទ្ធជនហេសបូឡា ជាង ១៣០នាក់ រួមទាំងសមាជិកកងកម្លាំងវរជន រ៉ាដវ៉ាន ត្រូវបានសម្លាប់នៅក្នុងអរិភាពចាប់តាំងពីក្រុមសម្ព័ន្ធមិត្តប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារអ៊ីស្រាអែលពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី០៧ ខែតុលា ដោយបញ្ឆេះជម្លោះដែលបានកើតឡើងនៅជុំវិញតំបន់។
នេះបានក្លាយជាការប្រឈមមុខដាក់គ្នាដ៏បង្ហូរឈាមបំផុតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីពួកគេបានធ្វើសង្រ្គាមក្នុងឆ្នាំ២០០៦ មកដោយក្រុមហេសបូឡាបានបាញ់គ្រាប់រ៉ូកែត និងអាវុធផ្សេងទៀតទៅកាន់ទីតាំងរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលបានបើកការវាយប្រហារបកទៅវិញតាមអាកាស និងកាំភ្លើងធំ៕