អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បានជំរុញឲ្យសមាជិកសហភាពអឺរ៉ុបផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន នៅឆ្នាំនេះ ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី។

លោកសូល បានថ្លែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីលុចសំបួ លោក Luc Frieden នៅទីក្រុងប៊ែរឡាំងថា៖«ការប្រគល់អាវុធទៅឲ្យអ៊ុយក្រែនដែលបានគ្រោងទុក រហូតមកទល់ពេលនេះដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើន គឺតិចតួចពេក ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់សម្ព័ន្ធមិត្តរបស់យើងនៅក្នុងសហភាពអឺរ៉ុបឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងនាមអ៊ុយក្រែន។
មេដឹកនាំអាល្លឺម៉ង់រូបនេះ បាននិយាយថា នៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅថ្ងៃទី ១ ខែកុម្ភៈ នៅចុងក្រោយនេះ សមាជិកសហភាពអឺរ៉ុប គួរតែអាចផ្តល់ទិដ្ឋភាពទូទៅឲ្យបានច្បាស់លាស់តាមដែលអាចធ្វើទៅបានអំពីការចូលរួមចំណែកអ្វីខ្លះដែលដៃគូអឺរ៉ុប គ្រោងនឹងធ្វើសម្រាប់គាំទ្រអ៊ុយក្រែន នៅឆ្នាំនេះ។

លោកសូល បានអះអាងថា៖ «អឺរ៉ុបត្រូវតែបង្ហាញថា ខ្លួនឈរនៅកៀកជាមួយអ៊ុយក្រែន ដោយផ្អែកលើសេរីភាព ច្បាប់អន្តរជាតិ និងគុណតម្លៃរបស់អឺរ៉ុប»។
ប្រទេសរុស្ស៊ី បានធ្វើសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែន អស់រយៈពេលជាង ២២ខែ។
លោកសូល បាននិយាយទៀតថា បច្ចុប្បន្នអាល្លឺម៉ង់ជាប្រទេសគាំទ្រអ៊ុយក្រែនខ្លាំងបំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំនេះតែមួយគត់ ការផ្គត់ផ្គង់ត្រូវបានធ្វើឡើង ដើម្បីផ្តល់អាវុធ និងសម្ភារៈដែលមានតម្លៃ ៨ពាន់លានអឺរ៉ូ។
ទីក្រុងប៊ែរឡាំង ក៏កំពុងផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុរាប់ពាន់លានដុល្លារផងដែរ។