ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ (០៨ មករា) ថាយ៉ាងហោចណាស់មនុស្ស ២៥នាក់បានស្លាប់ និងមនុស្ស ៦នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងខ្នាតតូចមួយគ្រឿងដឹកអ្នកទេសចរពីដំណើរកម្សាន្តតាមឆ្នេរសមុទ្របានបុកជាមួយរថយន្តដឹកទំនិញមួយគ្រឿងនៅក្នុងរដ្ឋ បាយៀ (Bahia) ភាគឦសាននៃប្រទេសប្រេស៊ីល។

នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលយប់នៅលើផ្លូវសហព័ន្ធរវាងទីក្រុង ណូវ៉ា ហ្វាទីម៉ា (Nova Fatima) និងទីក្រុង ហ្កាវីយ៉ាវ (Gaviao) ក្នុងតំបន់ បាយៀ។

រថយន្តក្រុងខ្នាតតូចនេះកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុង ហាកូប៊ីណា (Jacobina) វិញបន្ទាប់ពីដំណើរកម្សាន្តទៅកាន់ឆ្នេរទេសចរណ៍ ហ្គ័ររ៉ាហ៊ូបា (Guarajuba) នៅលើឆ្នេរសមុទ្រភាគខាងជើងរបស់រដ្ឋ បាយៀ។
សេចក្តីរាយការណ៍បន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។ នគរបាលស៊ីវិលរដ្ឋ បាយៀ បាននិយាយថា ជនរងគ្រោះភាគច្រើនស្ថិតនៅក្នុងរថយន្តក្រុងដឹកអ្នកទេសចរ ហើយមូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕