បេក្ខជនមេដឹកនាំនៃបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ (Lai Ching-te) បាននិយាយនៅថ្ងៃអង្គារ (០៩ មករា) នេះថាលោកនឹងរក្សាស្ថានភាពដដែលជាមួយចិន ប្រសិនបើជាប់ឆ្នោត ហើយនៅតែបើកចំហរសម្រាប់ការចូលរួមជាមួយទីក្រុងប៉េកាំង ក្រោមគោលការណ៍សមភាព និងសេចក្តីថ្លៃថ្នូរ។

កោះតៃវ៉ាន់ នឹងធ្វើការបោះឆ្នោតនៅថ្ងៃសៅរ៍ (១៣ មករា) ខាងមុខនេះសម្រាប់មេដឹកនាំ និងសភាថ្មីនៅក្នុងការបោះឆ្នោតមួយ ដោយប្រទេសចិនដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលរបស់ទីក្រុងតៃប៉ិក៏ដោយ បាននិយាយថាជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។

ទោះបីជាយ៉ាងនេះក្តី លោក ឡៃ បានសន្យាថានឹងព្យាយាមចូលរួមជាមួយប្រទេសចិន ដោយលើកឡើងថា ការសន្ទនាអាចកាត់បន្ថយហានិភ័យឆ្លងច្រកសមុទ្រ ហើយថាការអភិវឌ្ឍន៍ដោយសន្តិវិធីគឺជាផលប្រយោជន៍ល្អបំផុតរបស់ភាគីទាំងពីរ។ លោក ឡៃ ក៏បាននិយាយផងដែរថា ប្រសិនបើជាប់ឆ្នោត កោះតៃវ៉ាន់នឹងបន្តពង្រឹងការការពារខ្លួន ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។

ចាប់តាំងពីការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០មក កងទ័ពរំដោះប្រជាជនចិនបានបង្កើនសមយុទ្ធយោធានៅជុំវិញកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។
កោះតៃវ៉ាន់បានលើកឡើងពីសម្ពាធយោធា និងសេដ្ឋកិច្ច ព្រមទាំងព័ត៌មានក្លែងក្លាយពីប្រទេសចិន ជាភស្តុតាងនៃការប៉ុនប៉ងរបស់ខ្លួនក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ហើយបាននិយាយថា តៃវ៉ាន់កំពុងចងក្រងជាឯកសារ ហើយនឹងបោះពុម្ពផ្សាយការវិភាគរបស់ខ្លួនភ្លាមៗលើបញ្ហានេះបន្ទាប់ពីការបោះឆ្នោត៕