ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់។ ជាក់ស្តែងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ ក្រោមទិសស្លោក «អ្នកចេះ គឺជាប់»។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន ១៨ នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង ២០ តុលា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សម្ដេចធិបតីថ្លែងថា លទ្ធផលសិស្សនិទ្ទេសA ជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់ និងក៏ស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូអ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំរបស់កម្ពុជាផងដែរ ជាពិសេសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ដើម្បីកម្ពុជាអាចអភិវឌ្ឍន៍ទៅបាន គឺត្រូវការធនធានមនុស្ស ហើយចំនុចអាទិភាពនេះ ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានចាត់ទុក « ការអភិវឌ្ឍមូលធនមនុស្ស» គឺជាបញ្ចកោណទី១ ដ៏មានសារៈសំខាន់។ ក្នុងនោះ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមានគោលដៅផ្តោតលើការបង្កើតបរិយាកាសល្អសម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បូជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនាំកម្ពុជាឆ្ពោះទៅសម្រេចបាននូវមហិច្ឆិតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕អត្ថបទ៖ វ៉ន ដារ៉ា