សម្ដេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍នោះទេ ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុនដែលមានយុទ្ធសាស្រ្ដចតុកោណ រហូតដល់អាណត្តិនេះយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺមានស្នូលមួយនៃការពង្រឹងប្រទេសជាតិ គឺ «អភិបាលកិច្ច» ដែលជាធាតុផ្សំមួយសំខាន់ណាស់។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យចំពោះការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យមើលឃើញកត្តាគន្លឹះ ៤ ធំៗ នៅក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនាពេលកន្លងមក។ ក្នុងនោះមាន ទី១ ត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន។ ទី២ ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់។ ទី៣ ចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន។ ទី៤ ការលះបង់ដើម្បីផលប្រយោជន៍រួម៕អត្ថបទ៖ វ៉ន ដារ៉ា