ប្រភពចំនួន៦ដែលបានដឹងអំពីបញ្ហានេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីស្រាអែល កំពុងធ្វើការវាយប្រហារដ៏សាហាវដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសស៊ីរី សំដៅលើរថយន្តដឹកទំនិញ ហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សដែលជាប់ពាក់ព័ន្ធក្នុងបញ្ជូនអាវុធរបស់អ៊ីរ៉ង់ទៅកាន់ក្រុមអ្នកតំណាងរបស់ខ្លួន នៅក្នុងតំបន់នេះ។

ប្រភពទាំងនោះ រួមទាំងមន្ត្រីចារកម្មយោធាស៊ីរី និងមេបញ្ជាការម្នាក់ក្នុងសម្ព័ន្ធភាពក្នុងតំបន់ដែលគាំទ្រទីក្រុងដាម៉ាស បាននិយាយថា អ៊ីស្រាអែល បានផ្លាស់ប្តូរយុទ្ធសាស្រ្ត បន្ទាប់ពីការវាយលុកកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមយុទ្ធជនហាម៉ាសចូលទៅក្នុងទឹកដីអ៊ីស្រាអែល និងយុទ្ធនាវាយប្រហាររបស់អ៊ីស្រាអែលជាបន្តបន្ទាប់ នៅក្នុងតំបន់ហ្កាហ្សា និងលីបង់។

ប្រភពបាននិយាយថា ទោះបីជាអ៊ីស្រាអែល បានវាយលុកគោលដៅដែលជាប់ទាក់ទងជាមួយអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងតំបន់ដែលក្រុមប្រដាប់អាវុធលីបង់ហេសបូឡា (Hezbollah) មានសកម្មភាពក៏ដោយ ឥឡូវនេះវាបានធ្វើឲ្យមានការស្លាប់កាន់តែធ្ងន់ធ្ងរ ការវាយឆ្មក់តាមអាកាសញឹកញាប់ជាងមុនប្រឆាំងនឹងការបញ្ជូនអាវុធរបស់អ៊ីរ៉ង់ និងប្រព័ន្ធការពារដែនអាកាស នៅក្នុងប្រទេសស៊ីរី។
មេបញ្ជាការក្នុងសម្ព័ន្ធភាពក្នុងតំបន់ និងប្រភពពីរបន្ថែមទៀតដែលបានដឹងពីគំនិតគិតរបស់ក្រុមហេសបូឡា បាននិយាយថា អ៊ីស្រាអែល បានបោះបង់ចោល «ច្បាប់នៃល្បែងសង្គ្រាម» ដែលពីមុនបានកំណត់លក្ខណៈនៃការវាយប្រហាររបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ហើយហាក់ដូចជា «លែងមានការប្រុងប្រយ័ត្ន» អំពីការធ្វើឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរលើក្រុមហេសបូឡា នៅទីនោះ។
មេបញ្ជាការរូបនោះ បាននិយាយដោយពណ៌នាអំពីការវាយឆ្មក់របស់អ៊ីស្រាអែលលើការបញ្ជូនអាវុធដែលគ្រប់គ្រងដោយហេសបូឡា នៅមុនថ្ងៃទី៧ ខែតុលាថា៖«ពួកគេធ្លាប់បាញ់ព្រមាន ពួកគេបានវាយប្រហារនៅជិតរថយន្តដឹកទំនិញ កងកម្លាំងរបស់យើង បានចេញពីរថយន្តនោះ ហើយបន្ទាប់មកពួកគេ បានវាយប្រហារទៅលើរថយន្តនោះតែម្តង។