ភ្នំពេញ ៖ កម្ពុជារំពឹងថា ការនាំចេញផលិតផលទៅកាន់ទីផ្សារអង់គ្លេស នឹងមានកំណើនល្អប្រសើរ ដោយសារប្រទេសទាំងពីរមានទំនាក់ទំនងល្អ និងទទួលបានការគាំទ្រពីអង់គ្លេស លើការទទួលបានភាពអនុគ្រោះនៃការនាំចេញរបស់ទីផ្សារកម្ពុជា និងបច្ចុប្បន្នប្រទេសទាំងពីរបានខិតកាន់តែជិតគ្នា បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុប ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានBTVនៅថ្ងៃទី២៣ ខែមិថុនានេះថា ចំពោះទំនាក់ទំនងនៅក្នុងពាណិជ្ជកម្មកម្ពុជា-អង់គ្លេស មានសភាពល្អប្រសើរនៅគ្រប់ប្រតិបត្តិការ គឺចាប់តាំងតែពីមុនចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបមកម្ល៉េះ ក្នុងនោះ បន្ទាប់ការចាកចេញរបស់អង់គ្លេស រដ្ឋាភិបាលតាមរយៈស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថា អង់គ្លេសនៅតែបន្តភាពអនុគ្រោះសម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួន ។
ឯកឧត្តម បន្តថា ចំពោះការនាំចេញនាំចូលរវាងកម្ពុជា-អង់គ្លេសវិញ គឺប្រព្រឹត្តទៅជាធម្មតា ដូចកាលចក្រប្រភពអង់គ្លេសនៅក្រោមសហគមន៍អឺរ៉ុប ដែលជាចំណុចល្អប្រសើរមួយ ដោយសង្កេតឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺប្រព្រឹត្តិទៅដោយរលូន និងមានការយោគយល់គ្នា ជាពិសេសប្រទេសអង់គ្លេស និងកម្ពុជា បានកំពុងខិតជិតគ្នា បន្ទាប់ពីចក្រភពអង់គ្លេសចេញពីសហគមន៍អឺរ៉ុប, ជាក់ស្តែងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស គឺសម្តែងនូវការងាកមកខិតជិតផ្ទាល់ ដោយយើងរំពឹងថា ទំនាក់ទំនងជិតស្និតរបៀបនេះ គឺជាការជំរុញបំពេញបំណងរបស់កម្ពុជា ដើម្បីទៅចរាចរចុះកិច្ចព្រមព្រៀងពាណិជកម្មសេរីរវាងប្រទេសទាំងពីរ។
ចំពោះការនាំចេញសំលៀកបំពាក់វិញ, លោក កាំង ម៉ូនីការ អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា ពាក់ព័ន្ធការនាំចេញវិស័យកាត់ដេរ និងសំលៀកបំពាក់ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២១ នេះ មានការស្រុតចុះបន្តិចបន្តួច ខណៈនៅក្នុងខែមេសា បានងើបឡើងវិញខ្លះៗ បើធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០២០ ។
ដោយឡែកចំពោះទីផ្សារនាំចេញទៅប្រទេសអង់គ្លេសវិញ លោកសង្ឃឹមថា ទៅថ្ងៃខាងមុខ ទីផ្សារនេះ នៅតែល្អសម្រាប់កម្ពុជា ដោយសារប្រទេសយើងទទួលបាន GSP បន្តការរួចពន្ធសម្រាប់ការនាំចេញប្រទេសនោះ។
ការដោះដូរពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងអង់គ្លេស មានតម្លៃសរុបស ២៥៨លានដុល្លារ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ថយចុះ ១៧,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ក្នុងនោះ កម្ពុជានាំចេញទំនិញមានទឹកប្រាក់សរុប ២៣៩ លានដុល្លារ ទៅកាន់ទីផ្សារអង់គ្លេស ថយចុះ ១៧ ភាគរយ ខណៈនាំចូលទំនិញពីអង់គ្លេស មានតម្លៃ១៨លានដុល្លារ ថយចុះ ១៧ភាគរយ។
យោងតាមក្រសួងពាណិជ្ជកម្ម ភាគច្រើនទំនិញរបស់កម្ពុជានាំចេញទៅប្រទេសអង់គ្លេស មានដូចជា សំលៀកបំពាក់ ស្បែកជើង កង់ អង្ករ និងផលិតកសិកម្មដទៃទៀត ខណៈនាំចូលពីអង់គ្លេស មានដូចជា រថយន្ត គ្រឿងចក្រ ភេសជ្ជៈ ឧបករណ៍ទូរគមនាគមន៍ និងថ្នាំពេទ្យ។ កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបាន ៨៧៨ លានដុល្លារ ថយចុះ២៧ភាគរយធៀបនឹងឆ្នាំ២០១៩៕
អត្ថបទ៖ សុន រ៉ាឌី


