វិបត្តិយន្តហោះប៊ូអ៊ីងប្រភេទ ៧៣៧ មែក (737 MAX) ចុងក្រោយបង្អស់កាន់តែជ្រៅឡើងកាលពីថ្ងៃចន្ទ (០៨ មករា) បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ យូណាយធីត អ៊ែរឡាញស៍ (United Airlines) បាននិយាយថា ខ្លួនបានរកឃើញដុំខ្ចៅរលុងនៅលើយន្តហោះប្រភេទ មែក ណាញ (MAX 9) ដែលមិនហោះហើរជាច្រើនគ្រឿង ដោយបង្កើនការព្រួយបារម្ភថ្មីក្នុងចំណោមក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះអំពីមធ្យោបាយដែលប្រភេទយន្តហោះដែលលក់ដាច់បំផុតរបស់ខ្លួនត្រូវបានផលិត។
និយតកររបស់សហរដ្ឋអាមេរិកបានបញ្ឈប់យន្តហោះប្រភេទ មែក ណាញ ចំនួន១៧១គ្រឿងមិនឲ្យហោះហើរ បន្ទាប់ពីបន្ទះមួយបានដាច់ចេញពីជើងហោះហើរដែលដំណើរការដោយក្រុមហ៊ុន អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) មិនយូរប៉ុន្មានបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន ផងលែន (Portland) រដ្ឋ អូរ៉េហ្កន (Oregon) កាលពីថ្ងៃសុក្រ ដោយបង្ខំអ្នកបើកយន្តហោះឱ្យព្យាយាមចុះចតដោយសុវត្ថិភាព។
ក្រុមហ៊ុន យូណាយធីត ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកទាំងពីរដែលហោះហើរម៉ូដែលប៊ូអ៊ីងនេះជាមួយនឹងបន្ទះប្រភេទនោះ បាននិយាយថា ការត្រួតពិនិត្យបឋមរបស់ខ្លួនបានរកឃើញថាមានដុំខ្ចៅដែលរលុងនិងត្រូវការរឹតបន្តឹងលើបន្ទះយន្តហោះជាច្រើន។
ការរកឃើញនោះបានបង្កើនការព្រួយបារម្ភអំពីដំណើរការផលិតយន្តហោះប្រភេទ មែក ណាញ ដែលត្រូវបានផ្អាកដំណើរការ។
ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា រហូតមកដល់ពេលនេះក្រុមហ៊ុន យូណាយធីត បានរកឃើញយន្តហោះជិត ១០គ្រឿង ដែលមានដុំខ្ចៅរលុងក្នុងអំឡុងពេលត្រួតពិនិត្យបឋម ដែលកើនឡើងពីចំនួន ៥គ្រឿងដំបូងដែលត្រូវបានរាយការណ៍ដោយការបោះពុម្ពផ្សាយឧស្សាហកម្ម ដឹអ៊ែរខឺរិន (The Air Current) ហើយតួលេខនេះអាចនឹងកើនឡើងទៀត៕