អាជ្ញាធរប្រទេសប្រេស៊ីល បានអបអរប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស កាលពីថ្ងៃចន្ទ ទី៨ ខែ មករា មួយឆ្នាំបន្ទាប់ពីហ្វូងមនុស្សស្តាំនិយម បានសម្រុកចូល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិតុលាការកំពូល សភា និងវិមានប្រធានាធិបតី ក្នុងការតវ៉ាប្រឆាំងលទ្ធផលការបោះឆ្នោត។

នៅក្រោមផ្ទាំងអេក្រង់ដែលនិយាយថា «លទ្ធិប្រជាធិបតេយ្យមិនរង្គោះរង្គើ» មេដឹកនាំសភា តុលាការយុត្តិធម៌កំពូល និងមន្ត្រីរដ្ឋាភិបាល ដឹកនាំដោយប្រធានាធិបតី លោក Luiz Inacio Lula da Silva បានរំលឹកពីថ្ងៃដែលរដ្ឋធានី Brasilia ត្រូវបានវាយលុកដោយក្រុមអ្នកតវ៉ាអំពាវនាវឱ្យមានរដ្ឋប្រហារយោធា។

កាលពីមួយឆ្នាំកន្លងទៅនេះ អ្នកគាំទ្រលោក Jair Bolsonaro អតីតប្រធានាធិបតីស្តាំនិយមប្រកាន់តឹង បានសម្រុកចូលអគារដែលជានិមិត្តរូបលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីល មួយសប្តាហ៍បន្ទាប់ពី លោក Lula da Silva បានចូលកាន់តំណែង។
ពួកគេបានច្រានចោលការទទួលជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ហើយបានជំរុញឱ្យយោធាផ្តួលរំលំលោក។ មនុស្សប្រហែល ២.០០០នាក់ ត្រូវបានចាប់ខ្លួនជុំវិញការវាយប្រហារនៅទីក្រុង Brasilia ទោះបីជាភាគច្រើនត្រូវបានដោះលែងនៅពេលក្រោយក៏ដោយ។

អ្នកផ្សេងទៀត ត្រូវបានកាត់ទោសដោយតុលាការកំពូល លើការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងចំណោមបទព្រហ្មទណ្ឌផ្សេងទៀត បន្ទាប់ពីការស៊ើបអង្កេតរបស់នគរបាលដែលនៅបន្ត ទៅលើអ្នកដែលចូលរួមក្នុងកុបកម្ម និងអ្នកគាំទ្រ ឬផ្តល់មូលនិធិដល់ការវាយប្រហារនោះ។
លោក Bolsonaro កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយតុលាការកំពូលសម្រាប់ការចោទប្រកាន់ថាជាមេផ្តើមគំនិតកុបកម្មខុសច្បាប់ ជាអ្វីដែលលោកបានបដិសេធ។ អាជ្ញាធរបោះឆ្នោតរបស់ប្រទេសប្រេស៊ីល បានហាមឃាត់លោក Bolsonaro ពីការឈរឈ្មោះសម្រាប់តំណែងជាប់ឆ្នោតរយៈពេល៨ឆ្នាំ ជុំវិញការរំលោភបំពានអំណាច និងការប្រើប្រាស់មិនត្រឹមត្រូវប្រព័ន្ធផ្សព្វផ្សាយ នៅមុនការបោះឆ្នោតឆ្នាំ ២០២២ នៅពេលនោះលោកបានកោះហៅឯកអគ្គរដ្ឋទូត ឱ្យបញ្ចេញការអះអាងគ្មានមូលដ្ឋានអំពីប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករបស់ប្រទេសប្រេស៊ីល។ កាលពីថ្ងៃចន្ទ ប្រជាជនប្រេស៊ីល នៅក្នុងទីក្រុងសៅប៉ូឡូ (Sao Paulo) បានចេញធ្វើបាតុកម្ម ដើម្បីប្រារពខូបលើកទី១ នៃថ្ងៃដែលរដ្ឋធានី Brasilia ត្រូវបានសម្រុកចូលដោយក្រុមអ្នកតវ៉ាអំពាវនាវឲ្យមានរដ្ឋប្រហារយោធា។