អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសសឺ ខាណានី (Nasser Kanaani) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃចន្ទ (០៨ មករា) ជាការឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកដ៏បង្ហូរឈាមនៅទីក្រុងឃើម៉ាន់ (Kerman) ភាគអាគ្នេយ៍កាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សរាប់សិបនាក់ថា អ៊ីរ៉ង់ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ដើម្បីប្រយុទ្ធនឹងភេរវកម្មរួមគ្នា។

លោក ខាណានី បាននិយាយថា អំពើភេរវកម្មគឺជាការគំរាមកំហែងទូទៅសម្រាប់ពិភពលោក ហើយសំណល់នៃអង្គការជ្រុលនិយមនៅតែគំរាមកំហែងប្រជាជនក្នុងតំបន់ ហើយអ៊ីរ៉ង់នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មជាមួយបណ្តាប្រទេសក្នុងតំបន់។

លោក ខាណានី បាននិយាយថា ភាពតានតឹងបច្ចុប្បន្ននៅសមុទ្រក្រហម គឺជាការបង្ហាញមួយនៃឥទ្ធិពលរាលដាលនៃជម្លោះនៅតំបន់ហ្កាហ្សា ដែលបណ្តាលមកពីក្រុមចម្រុះលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់ការគាំទ្រអ៊ីស្រាអែល ហើយវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាគឺជា ប្រភពនៃអស្ថិរភាពក្នុងតំបន់។

អ្នកនាំពាក្យរូបនេះក៏បាននិយាយផងដែរថា នេះគឺជាសេចក្តីប្រាថ្នារួមរបស់សហគមន៍អន្តរជាតិក្នុងការសម្រេចបានបទឈប់បាញ់រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល និងទប់ស្កាត់ការរីករាលដាលនៃជម្លោះ ហើយអ៊ីរ៉ង់នឹងបន្តរួមចំណែកក្នុងការដោះស្រាយជម្លោះនេះ៕