ភ្នំពេញ ៖ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣នេះ បានប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធនាការចំនួន២នេះ រួមមាន ទី១ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ទី២យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ រួមនឹង ក្រុមការងារអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ក្រុមការងារយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ ថ្លែថា តាមរយៈយុទ្ធនាការទាំងពីរនេះ ក្រសួងយុត្តិធម៌នឹងពន្លឿនធ្វើការដោះស្រាយសំណុំរឿងក្រៅប្រពន្ធតុលាការ និងសំណុំរឿងកកស្ទះនៅតាមតុលាការឲ្យបានឆាប់រហ័សបំផុត និងប្រកបដោយយុត្តិធម៌។ ឯកឧត្តមបន្តថា បច្ចុប្បន្នសំណុំរឿងក្នុងតុលាការបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ដូច្នេះតុលាការទាំងអស់ត្រូវតែធ្វើការដោះស្រាយឲ្យបានឆាប់រហ័សបំផុតដោយមិនត្រូវទុកឲ្យរឿងក្តីនៅបន្តកកស្ទះទៀតនោះទេ។
ឯកឧត្តម កើត រិទ្ធ អះអាងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋណារងនូវភាពអយុត្តិធម៌ពីតុលាការ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារអនុវត្តយុទ្ធនា ដើម្បីការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ហើយក្រុមការងារនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតាលាការទាំងនោះ។ ឯកឧត្តមបញ្ជាក់ថាតាមរយៈការអនុវត្តយុទ្ធនាការ នឹងផ្តោសំខាន់លើសំណុំរឿងក្ដីចំនួន ៣ គឺ សំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន, សំណុំរឿងពាក់ព័ន្ធនឹងចរាចរណ៍ និងសំណុំរឿងពាក់ព័ន្ធនឹង អត្រានុកូលដ្ឋាន។
ក្នុងឱកាសនោះឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានព្រមានដល់ក្រុមការងារទទួលពាក្យបណ្តឹងនៃការដោះ ស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការមិនត្រូវធ្វើ «ត្រីងៀតឈ្លៀតពង» នោះឡើយ ហើយប្រសិនបើរកឃើញថាការដោះស្រាយមិនមានភាពប្រក្រតី ប្រព្រឹត្តអំពើពុករលួយនឹងទទួលទោសចំពោះមុខច្បាប់ ៕ អត្ថបទ៖ វ៉ន ដារ៉ា





