
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទ (០៨ មករា) ថាខ្លួនបច្ចុប្បន្នមិនមានគម្រោងដកទ័ពប្រហែល ២.៥០០នាក់របស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ទេ បើទោះបីជាមានការប្រកាសរបស់ទីក្រុងបាកដាដ កាលពីសប្តាហ៍មុនថា ប្រទេសនេះនឹងចាប់ផ្តើមដំណើរការដកកងកម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកចេញពីប្រទេសក៏ដោយ។
លោកឧត្តមសេនីយឯក ផាតទ្រីក រ៉ាយឌ័រ (Patrick Ryder) បានប្រាប់សន្និសីទសារព័ត៌មានមួយ ថា «ឥឡូវនេះ ខ្ញុំមិនដឹងពីផែនការដើម្បីដកទ័ពនោះទេ ហើយកងកម្លាំងអាមេរិកស្ថិតក្នុងប្រទេសអ៊ីរ៉ាក់តាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសនេះ»។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ស៊ុដានី (Mohammed Shia al-Sudani) បានប្រកាសកាលពីថ្ងៃសុក្រ អំពីវិធានការបណ្តេញកងកម្លាំងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិកនៅទីក្រុងបាកដាដ ដែលត្រូវបានថ្កោលទោសដោយរដ្ឋាភិបាល។
មន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហារនេះបានសម្លាប់មេដឹកនាំកងជីវពលម្នាក់ដែលទទួលខុសត្រូវចំពោះការវាយប្រហារនាពេលថ្មីៗនេះលើបុគ្គលិកអាមេរិក៕