
សភារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (០៩ មករា) នេះបានអនុម័តច្បាប់ហាមប្រាមការបង្កាត់ពូជ និងការសម្លាប់សត្វឆ្កែសម្រាប់ការបរិភោគ ដោយបញ្ចប់ការអនុវត្តប្រពៃណី ប៉ុន្តែមានភាពចម្រូងចម្រាសក្នុងការបរិភោគសាច់ឆ្កែបន្ទាប់ពីការជជែកដេញដោលទូទាំងប្រទេស។
សំណើច្បាប់នេះបានទទួលការគាំទ្រទ្វេភាគីដ៏កម្រនៅទូទាំងទិដ្ឋភាពនយោបាយដែលខ្វែងគំនិតរបស់ប្រទេសកូរ៉េខាងត្បូង ដោយបង្ហាញពីមធ្យោបាយដែលអាកប្បកិរិយាឆ្ពោះទៅរកការបរិភោគឆ្កែបានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ក្នុងអំឡុងពេលឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សរបស់ប្រទេស។
ច្បាប់នេះនឹងហាមប្រាមការចែកចាយ និងលក់ផលិតផលអាហារដែលផលិត ឬកែច្នៃដោយគ្រឿងផ្សំពីសត្វឆ្កែ នេះបើយោងតាមគណៈកម្មាការនៃរដ្ឋសភា។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនដែលទទួលទានសាច់ឆ្កែ ឬផលិតផលដែលពាក់ព័ន្ធនឹងសត្វនេះមិនត្រូវបានទទួលការពិន័យទេ មានន័យថា ច្បាប់នឹងកំណត់គោលដៅភាគច្រើនចំពោះអ្នកដែលធ្វើការក្នុងឧស្សាហកម្ម ដូចជាអ្នកចិញ្ចឹមឆ្កែ ឬអ្នកលក់ជាដើម។
នៅក្រោមច្បាប់នេះ អ្នកណាម្នាក់ដែលសម្លាប់សត្វឆ្កែជាអាហារអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣០លានវ៉ុនកូរ៉េ ពោលគឺប្រហែល ២៣.០០០ដុល្លារអាមេរិក។ អ្នកដែលបង្កាត់ពូជឆ្កែសម្រាប់បរិភោគ ឬអ្នកដែលទទួល ដឹកជញ្ជូន ស្តុកទុក ឬលក់អាហារដែលផលិតពីឆ្កែ ក៏ប្រឈមនឹងការផាកពិន័យទាបជាង និងរយៈពេលជាប់ពន្ធនាគារទាបជាងនេះដែរ៕