
សម្ពាធបានកើនឡើងលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ពីសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ខ្លួនគឺសហរដ្ឋអាមេរិក និងមកពីប្រទេសមហាអំណាចមជ្ឈិមបូព៌ា ដើម្បីបន្ធូរបន្ថយការវាយលុករបស់ប្រទេសនេះលើតំបន់ហ្កហ្សា ខណៈកងកម្លាំងរបស់ខ្លួន បាននិយាយថាពួកគេបានចូលរួមក្នុងការប្រយុទ្ធដ៏ស្វិតស្វាញ ប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅភាគកណ្តាល និងភាគខាងត្បូងតំបន់ហ៊ុមព័ទ្ធនេះ។ បន្ទាប់ពីកិច្ចពិភាក្សាជាមួយបណ្តាមេដឹកនាំអារ៉ាប់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចូលចត កាលពីល្ងាចថ្ងៃចន្ទក្នុងទីក្រុង Tel Aviv ជាជើងចុងក្រោយនៃដំណើរទស្សនកិច្ចក្នុងតំបន់ក្នុងគោលបំណងទប់ស្កាត់សង្រ្គាម ដែលបច្ចុប្បន្ននេះបានឈានចូលដល់ខែទីបួនរបស់ខ្លួន ពីការប្រែក្លាយទៅជាការផ្ទុះជម្លោះកាន់តែរីកធំ។ មន្ត្រីអ៊ីស្រាអែល និយាយថា ពួកគេកំពុងឈានចូលដំណាក់កាលថ្មីនៃសង្គ្រាមដែលបានដាក់គោលដៅបន្ថែមទៀត បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ច្រើន បំផ្លាញតំបន់ហ្កាហ្សា និងបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២៣.០០០នាក់ ។ ទោះជាយ៉ាងណា ពុំមានការសម្រាកនោះទេកាលពីថ្ងៃចន្ទ ដោយយោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងចម្រុះ កំពុងតាមប្រមាញ់ក្រុមអ្នកប្រយុទ្ធហាម៉ាស នៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធនេះ ខណៈ សកម្មភាពប្រតិបត្តិការដ៏ខ្លាំងក្លា បានផ្តោតលើតំបន់ហ្កាហ្សាភាគកណ្តាល និងតំបន់ទីក្រុង Khan Younis ភាគខាងត្បូង។ លោក Daniel Hagari អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា មានការប្រយុទ្ធគ្នាតឹងតែង ទាំងនៅភាគកណ្តាល និងភាគខាងត្បូង ។ ការប្រយុទ្ធនឹងបន្តក្នុងឆ្នាំ ២០២៤នេះ។ ពលរដ្ឋ និយាយថា ការវាយប្រយុទ្ធនៅទីក្រុង Deir Al-Balah បានសម្លាប់មនុស្ស ១៨ នាក់ កាលពីពេលយប់ និង ៤នាក់ កាលពីថ្ងៃចន្ទ ខណៈមន្ត្រីសុខាភិបាលក្រុមហាម៉ាសក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថាមនុស្ស ២៤៧នាក់ ត្រូវបានសម្លាប់កាលពីយប់មិញ។