
ទីបញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានរាយការណ៍នៅលើបណ្តាញសង្គម X (Twitter) ប៉ូឡូញ បានចាត់វិធានការ ដើម្បីការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីថ្ងៃទី៨ ខែមករា។
យោធាប៉ូឡូញ បានសង្កេតឃើញការបង្កើនសកម្មភាពនៅក្នុងអាកាសចរណ៍រយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីអស់រយៈពេលជាច្រើនម៉ោង ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបាញ់មីស៊ីលទៅលើគោលដៅដែលមានទីតាំង នៅអ៊ុយក្រែន។
ទីបញ្ជាការនេះ បាននិយាយថា៖«នីតិវិធីចាំបាច់ទាំងអស់ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីធានាសុវត្ថិភាពនៃដែនអាកាសប៉ូឡូញ ហើយស្ថានភាព ត្រូវបានត្រួតពិនិត្យជានិច្ច»។
ឧត្តមសេនីយ៍កំពូលអ៊ុយក្រែន លោក Valerii Zaluzhnyi បាននិយាយថា រុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលតម្រង់គោលដៅ មីស៊ីលតម្រង់គោលដៅប្រឆាំងយន្តហោះ និងការវាយប្រហារដោយយានអាកាសគ្មានមនុស្សបើក (UAV)។ ការវាយប្រហារតាមអាកាសសរុបចំនួន ៥៩លើក ត្រូវបានគេកត់ត្រាទុក។ កងកម្លាំងការពារដែនអាកាស បានកម្ទេចមីស៊ីលតម្រង់គោលដៅចំនួន ១៨គ្រាប់ និងយានដ្រូន Shahed ចំនួន ៨គ្រឿង។