
ព្យុះរដូវរងារ បានបោកបក់លើតំបន់ជាច្រើននៅភាគកណ្តាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បណ្តាលឲ្យផ្លូវថ្នល់ ដីកសិកម្ម និងរថយន្តគ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់ ។
រថយន្តកៀរព្រិលត្រូវបានគេមើលឃើញកំពុងកៀរព្រិលនៅរដ្ឋ Iowa ខណៈដែលរដ្ឋជិតខាង Nebraska រថយន្តបើកយឺតៗលើផ្លូវដែលគ្របដណ្តប់ដោយព្រិល ។ តំបន់ជាច្រើននៅរដ្ឋ Oklahoma ត្រូវបានគ្របដណ្តប់ដោយព្រិលផងដែរ ។
នៅថ្ងៃចន្ទនេះដែរ សាលារៀនជាច្រើនបានបិទទ្វារនៅទូទាំងរដ្ឋ Nebraska និងរដ្ឋ Kansas មុនការមកដល់របស់ព្យុះទឹកកកដែលក្រុមឧតុនិយមព្យាករណ៍ថា នឹងបង្កឲ្យមានព្រិលកម្រាស់ពី ១២សង់ទីម៉ែត្រដល់ ២០សង់ទីម៉ែត្រ ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក និយាយថា ពួកគេរំពឹងថា ព្យុះរដូវរងានឹងធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើននៅភាគកណ្តាល ភាគខាងត្បូង និងភាគខាងកើតសហរដ្ឋអាមេរិក រហូតដល់ពាក់កណ្តាលសប្តាហ៍នេះ ៕