ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ ព្រមានដល់ក្រុមការងារទទួលពាក្យបណ្តឹងនៃអាជ្ញាធរជាតិ ដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការមិនត្រូវធ្វើ«ត្រីងៀតឆ្លៀតពង»នោះឡើយ ហើយប្រសិនបើរកឃើញថាការដោះស្រាយមិនមានភាពប្រក្រតីប្រព្រឹត្តអំពើពុករលួយ នឹងទទួលទោសចំពោះមុខច្បាប់ជាក់ជាមិនខាននោះឡើយ។
ក្នុងសន្និសីទសារព័ត៌មាន ការដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនដោះស្រាយរឿងក្តីនៅតុលាការ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា ក្រសួងយុត្តិ បានបង្កើតនូវអាជ្ញាធរជាតិដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ គឺដើម្បីពន្លឿនក្នុងការដោះស្រាយចំពោះសំណុំរឿងក្តីដែលបានកកស្ទះនៅក្នុងតុលាការ ហើយគណៈកម្មាធិការនេះនឹងត្រូវចុះទៅតាមបណ្តាខេត្តទាំងអស់ ខណៈក្រុមការងារនេះប្រៀបបានដូចជាអភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះដែរ ដោយអភិក្រមទាំង៥នោះគឺ«ឆ្លុះកញ្ចក់ ងួតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថាសំណុំរឿងក្នុងតុលាការបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ដូច្នេះតុលាការទាំងអស់ត្រូវតែធ្វើការដោះស្រាយឲ្យបានឆាប់រហ័សបំផុតដោយមិនត្រូវទុកឲ្យរឿងក្តីនៅបន្តរាំរៃទៀតនោះឡើយ។ ជាមួយគ្នានោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណាប្រសិនបើរងនូវភាព អយុត្តិធម៌ពីតុលាការ សូមធ្វើការទាក់ទងមកកាន់គណៈកម្មាធិការយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតាលាការ ដែលរៀបចំឡើង ដោយក្រសួងយុត្តិធម៌ផងដែរ៕ អត្ថបទ ៖ បាន ចក់


