
អ៊ីស្រាអែល និងអាហ្វ្រិកខាងត្បូង ប្រឈមមុខគ្នានៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) ចាប់ពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែមករា) បន្ទាប់ពីទីក្រុង Pretoria (ប្រេតូរីយ៉ា) បានចោទប្រកាន់អ៊ីស្រាអែលពីថា បានប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍" នៅតំបន់ហ្កាហ្សា ជាការចោទប្រកាន់ ដែលត្រូវបានអ៊ីស្រាអែលច្រានចោល ដោយលើកឡើងថា ជា «ការបរិហាកេរ្តិ៍ពូជសាសន៍»។
ក្នុងឯកសារ ៨៤ទំព័រ ដែលដាក់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អាហ្វ្រិកខាងត្បូងបានជំរុញចៅក្រមឲ្យបញ្ជាអ៊ីស្រាអែល «ផ្អាកប្រតិបត្តិការយោធារបស់ខ្លួនជាបន្ទាន់» នៅតំបន់ហ្កាហ្សា។ អាហ្រ្វិកខាងត្បូងបានចោទប្រកាន់ថា អ៊ីស្រាអែល «បានចូលរួម កំពុងចូលរួមក្នុង និងធ្វើឲ្យមានហានិភ័យបន្ថែមទៀត ដែលពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា»។
អ៊ីស្រាអែលបានប្រតិកម្មតបដោយខឹងសម្បា ចំពោះការចោទប្រកាន់នេះ ដោយអ្នកនាំពាក្យរដ្ឋាភិបាលលោក Eylon Levy បានប្តេជ្ញាប្រឆាំងនឹងករណីអាហ្វ្រិកខាងត្បូង ដែលលោកបានពណ៌នាថា ជា «ការបិរិហាកេរ្តិ៍ពូជសាសន៍មិនសមហេតុផល»។ លោក Levy បានបន្ថែមថា៖ «ពិតជាគួរឲ្យសោកស្ដាយណាស់ ដែលប្រទេសពណ៌ឥន្ទធនូ (អ្នកស្រឡាញ់ភេទដូចគ្នា) ដែលមានមោទនភាពលើការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ នឹងត្រូវប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ប្រឆាំងនឹងពួកជនជាតិជ្វីហ្វ»។
បណ្ដាមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ នឹងប្រឈមមុខគ្នានៅក្នុងសាលយុត្តិធម៍របស់ ICJ ដែលមានទីតាំងក្នុងវិមានសន្តិភាពដ៏ធំទូលាយ នៅទីក្រុងឡាអេ ប្រទេសស្វីស ពោលគឺជាពិភព ដែលនៅឆ្ងាយពីការស្លាប់ និងការបំផ្លិចបំផ្លាញ ដែលត្រូវឃើញថ្មីៗនេះ នៅតំបន់ហ្កាហ្សា និងអ៊ីស្រាអែល៕