
ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យកើតមានការបំផ្លិចបំផ្លាញ ទឹកជំនន់ និងបំណាក់ដីនៅតំបន់ភាគកណ្តាលប្រទេសប៉េរូ អស់រយៈពេលជាច្រើនថ្ងៃចុងកន្លងមកនេះ ។
រូបភាពវីដេអូឃ្លីបពីសារព័ត៌មានក្នុងស្រុកឃើញផ្ទះលិចលង់ មនុស្សដើរលុកទឹកត្រឹមជង្គង់ ហើយនិងរថយន្តធំក្រឡាប់នៅក្នុងទីក្រុង Perene ។
រដ្ឋមន្រ្តីក្រសួងការពារជាតិប៉េរូលោក Jorge Chavez និយាយថា ភ្លៀងធ្លាក់ខ្លាំងនេះ បានកើតមានមុនការមកដល់របស់បាតុភូតធម្មជាតិអែល នីញ៉ូ ប៉ុន្តែវាពុំពាក់ព័ន្ធនឹងបាតុភូតមួយនេះឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរ ជំរុញឲ្យប្រជាពលរដ្ឋត្រៀមខ្លួនសម្រាប់ការមកដល់របស់បាតុភូតអែល នីញ៉ូ ។
ក្រុមការពារស៊ីវិលជាតិ រាយការណ៍ថា ស្រុកចំនួនជិត ៣៩៨ អាចនឹងរងផលប៉ះពាល់ដោយសារបំណាក់ដី និងបង្កគ្រោះថ្នាក់ដល់មនុស្សជាង ១លាននាក់ ។
អ្នកស្រី Rosa Llanosគឺជាពលរដ្ឋមួយរូបដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ និយាយថា ទឹកភ្លៀងទើបតែចាប់ផ្តើមមកដល់ទេ ។
អ្នកស្រីបន្តថា តើនឹងមានរឿងអ្វីកើតឡើងនៅថ្ងៃទី ១៥? ថ្ងៃទី ៣០? ថ្ងៃទី ១៥ ខែកុម្ភៈ ពេលដែលភ្លៀងធ្លាក់ខ្លាំងបំផុតនោះ? អ្វីៗនឹងត្រូវទឹកហូរនាំយកទៅអស់ ពួកយើងគ្មានកន្លែងសុវត្ថិភាពនោះទេ ។ អ្នកអាចមើលឃើញហើយការបាត់បង់ដែលយើងមាន ។ ទឹកមាននៅទីនេះអស់រយៈពេល ៥ថ្ងៃមកហើយៗគ្មានអ្វីល្អប្រសើរទាល់តែសោះ ៕