
នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) បាននិយាយកាលពីថ្ងៃចន្ទថា លោកកំពុងធ្វើការលើដំណោះស្រាយការទូត ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាជាមួយកងទ័ពអ៊ីស្រាអែល នៅតាមព្រំដែនភាគខាងត្បូង។
លោក មីកាទី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖«យើងបានរំលឹកឡើងវិញថា យើងស្វែងរកស្ថិរភាពជាអចិន្ត្រៃយ៍ និងអំពាវនាវឲ្យមានដំណោះស្រាយសន្តិភាពអចិន្ត្រៃយ៍ដោយបង្ហាញពីការត្រៀមខ្លួនរបស់លីបង់ក្នុងការចូលរួមការចរចា ដើម្បីសម្រេចបាននូវស្ថិរភាពរយៈពេលវែងនៅភាគខាងត្បូងរបស់ខ្លួន។
លោកមីកាទី បានថ្លែងថា ប្រទេសលីបង់ បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងគោរពតាមសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ ដែលបានចេញក្នុងឆ្នាំ ២០០៦ ដែលបានអំពាវនាវឲ្យបញ្ចប់អរិភាពរវាងក្រុមហេសបូឡា និងកងទ័ពអ៊ីស្រាអែល និងការដកកងកម្លាំងអ៊ីស្រាអែលចេញពីប្រទេសលីបង់ ដើម្បីខ្លួនទទួលបានការធានាចាំបាច់ថា ការឈ្លានពានរបស់អ៊ីស្រាអែល នឹងមិនបន្តទៅទៀត»។
កាលពីថ្ងៃចន្ទផងដែរ ការបាញ់កាំភ្លើងធំរបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅភូមិភាគខាងត្បូងនៃប្រទេសលីបង់គឺ Tayr Harfa, Houla និង Yarine។ ទន្ទឹមនឹងនេះ ក្រុមហេសបូឡា បាននិយាយថា ក្រុម ប្រយុទ្ធជនរបស់ខ្លួន បានវាយប្រហារទីតាំង Ruwaisat Al-Alam នៅក្នុងកសិដ្ឋាន Shebaa ដែលគ្រប់គ្រង តំបន់ Shtula នៅភាគខាងជើងប្រទេសអ៊ីស្រាអែល និងទីតាំង Jal-Al-Alam របស់អ៊ីស្រាអែលមួយផ្សេងទៀត។
ក្រុមហេសបូឡា បានប្រកាសកាលពីព្រឹកថ្ងៃចន្ទថា មេបញ្ជាការជាន់ខ្ពស់ម្នាក់ និងសមាជិកម្នាក់ទៀតនៃក្រុមយោធា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែលសំដៅលើរថយន្តរបស់ពួកគេនៅក្នុងភូមិ Khirbet Selm ភាគខាងត្បូងនៃប្រទេសលីបង់។