
ក្រុមហ៊ុន Samsung បាននាំយកមនុស្សយន្តដៃគូក្នុងផ្ទះ ឈ្មោះ Ballie មកកាន់ព្រឹត្តិការណ៍ CES (ព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោក) ឆ្នាំ២០២៤ កាលពីថ្ងៃចន្ទ (ទី៨ ខែមករា) ជាមួយនឹងការអភិវឌ្ឍ AI (បញ្ញាសិប្បនិម្មិត) និងម៉ាស៊ីនបញ្ចាំងស្លាយល៍ឲ្យកាន់តែប្រសើរឡើង ដែលអាចបញ្ចាំងរូបភាព និងវីដេអូ នៅលើជញ្ជាំង និងផ្ទៃផ្សេងៗទៀត។
មនុស្សយន្ត ឬរូបូត Ballie ថ្មី ជាគំរូដើម ដែលត្រូវបានដាក់បង្ហាញនៅ CES ក្នុងឆ្នាំ២០២០ គឺមានទំហំមិនធំជាងបាល់ទាត់នោះទេ ប្រើបច្ចេកវិទ្យា AI ដើម្បីស្គាល់ខ្លួនឯងជាមួយនឹងផ្ទះរបស់អ្នក ដោយគូសផែនទីស្វ័យប្រវត្តិអំពីជាន់នៃផ្ទះ។ មនុស្សយន្តនេះក៏នឹងមករកអ្នក នៅពេលត្រូវបានហៅ ហើយនឹងដើរទៅជាមួយម្ចាស់របស់វា នៅជុំវិញផ្ទះ។ រូបូត Ballie ដែលមានពណ៌លឿង ក៏មានសមត្ថភាពគ្រប់គ្រងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះមួយចំនួន និងបិទបើកភ្លើងផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung កាលពីថ្ងៃចន្ទ ក៏បានបង្ហាញពីអ្វីដែលខ្លួនហៅថា «ម៉ាស៊ីនបញ្ចាំងរូបភាពកម្រិត 8K ដំបូងបង្អស់របស់ពិភពលោក» ដែលហៅថា «New Premiere 8K»។ ព្រឹត្តិការណ៍ CES 2024 ដែលពីមុនត្រូវបានគេស្គាល់ថា ជា Consumer Electronics Show ដំណើរការនៅចន្លោះថ្ងៃទី ៩-១២ ខែមករា៕