
អ្នកគោរពបូជាសាសនាដ៏ស្មោះស្ម័គ្ររាប់សែននាក់របស់ប្រទេសហ្វីលីពីន បានប្រមូលផ្តុំគ្នានៅតាមផ្លូវក្នុងទីក្រុងម៉ានីល នៅថ្ងៃអង្គារ (ទី៩ ខែមករា) នេះ ខណៈដែលពួកគេបានចូលរួមក្បូនដង្ហែ ដើម្បីសម្ដែងការគោរពដល់ពិធីបុណ្យ Black Nazarene (ដង្ហែបដិមាព្រះយេស៊ូសម្បុរខ្មៅ) នៅក្នុងប្រទេសអ្នកកាន់សាសនាកាតូលិកដ៏ធំបំផុតរបស់អាស៊ីមួយនេះ។
ពិធីបុណ្យប្រពៃណីដែលមានអាយុកាលរាប់សតវត្សរ៍ ពាក់ព័ន្ធនឹងការថ្វាយបង្គំបដិមាឈើខ្មៅរបស់ព្រះយេស៊ូគ្រិស្ត ដែលត្រូវបានគេជឿថា មានភាពស័ក្ដិសិទ្ធិព្យាបាលជំងឺផ្សេងៗ បានវិលត្រឡប់មកវិញបន្ទាប់ពីត្រូវបានផ្អាករយៈពេល ៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ដើម្បីផ្ដល់ភាពរីករាយដល់អ្នកគោរពបូជា។ អ្នកកាន់សាសនាកាតូលិក នៅមូលដ្ឋានឈ្មោះ Jonathan Rancho បាននិយាយថា៖ «វាជាការប្រសើរណាសស់ ព្រោះយើងអាចធ្វើអ្វីដែលយើងបានធ្វើជាប្រពៃណី»។
នគរបាលរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយ ដើម្បីធានាសណ្តាប់ធ្នាប់ ខណៈដែលអ្នកកាន់សាសនាជើងទទេជាច្រើន បានព្យាយាមឡើងលើរទេះដាក់រូបសំណាក ដែលពណ៌នាអំពីព្រះយេស៊ូ កំពុងលីឈើឆ្កាងដ៏ធំមួយ។ ប្រហែល ៨០ភាគរយនៃប្រជាជន ១១០លាននាក់របស់ប្រទេសនេះ ត្រូវបានសម្គាល់ថា ជាអ្នកកាន់សាសនារ៉ូម៉ាំងកាតូលិក ពោលគឺជាកេរដំណែលរាប់រយឆ្នាំពីអាណានិគមអេស្ប៉ាញ៕