
ក្រុមអាជ្ញាធរកោះតៃវ៉ាន់និយាយនៅរសៀលថ្ងៃអង្គារនេះថា ផ្កាយរណបចិន បានហោះលើដែនអាកាសនៅតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ។
អ្នកប្រើប្រាស់ទូរស័ព្ទទូទាំងកោះតៃវ៉ាន់ ទទួលបាន “ការប្រកាសអាសន្នវាយឆ្មក់តាមផ្លូវអាកាស” ព្រមានពួកគេឲ្យដឹងពីសុវត្ថិភាពរបស់ខ្លួន ។
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ និយាយថា ផ្កាយរណបត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ស្ថិតនៅខេត្តស៊ីឈួន ប្រទេសចិន កាលពីវេលាម៉ោង ៣ និង ០៣នាទីរសៀល ម៉ោងក្នុងស្រុក ។
ខណៈពេលនោះដែរ ទូរទស្សន៍រដ្ឋចិន CCTV បានបញ្ជាក់ថា ផ្កាយរណបឈ្មោះ Einstein Probe ត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលមួយនេះ ។ ពួកគេបន្តថា បេសកកម្មបាញ់បង្ហោះផ្កាយរណប ទទួលបានជោគជ័យទាំងស្រុង ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថា ប្រធានអាជ្ញាធរការបរទេសកោះតៃវ៉ាន់លោក Joseph Wu និយាយថា ការបាញ់បង្ហោះផ្កាយរណបលើដែនអាកាសកោះតៃវ៉ាន់ ជិតដល់ការបោះឆ្នោត គឺជាសកម្មភាព “ដ៏គ្រោះថ្នាក់ខ្លាំងបំផុត” ។
កោះតៃវ៉ាន់ និយាយថា អាជ្ញាធរការពារជាតិរបស់ខ្លួន កំពុងតាមដានគន្លងផ្កាយរណប ដើម្បីប្រកាសអាសន្ន និងឆ្លើយតបដ៏សមស្របចំពោះស្ថានភាពមួយនេះ ៕