
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) និងជំនួយការសន្តិសុខជាតិជាន់ខ្ពស់របស់លោក បានជឿជាក់កាលពីរដូវក្តៅមុនថា ឱកាសនៃជម្លោះជាមួយអ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន ត្រូវបានគ្រប់គ្រងយ៉ាងល្អ។
បន្ទាប់ពីកិច្ចពិភាក្សាសម្ងាត់ ពួកគេទើបតែ បានបញ្ចប់កិច្ចព្រមព្រៀងដែលនាំទៅដល់ការដោះលែងជនជាតិអាមេរិក ដែលជាប់ពន្ធនាគារចំនួន ៥នាក់ជាថ្នូរ នឹងទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារនៅក្នុងមូលនិធិអ៊ីរ៉ង់ដែលជាប់គាំង និងអ្នកទោសអ៊ីរ៉ង់មួយចំនួន។ ក្រុមសកម្មប្រយុទ្ធដែលអ៊ីរ៉ង់ផ្តល់ហិរញ្ញប្បទាន និងសព្វាវុធ ដូចជាក្រុមហាម៉ាសនៅក្នុងទឹកដីប៉ាឡេស្ទីន ក្រុមហេសបូឡានៅលីបង់ និងក្រុមហួទី នៅយេម៉ែន ហាក់ដូចជាស្ងប់ស្ងាត់បន្តិច។ អ៊ីរ៉ង់ថែមទាំង បានពន្យឺតការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅកន្លែងនុយក្លេអ៊ែរក្រោមដីរបស់ខ្លួន ដោយពន្យារពេលការរីកចម្រើនឆ្ពោះទៅរកការផលិតអាវុធ។
ការឈ្លានពានរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាទៅលើអ៊ីស្រាអែល និងការឆ្លើយតបដ៏តឹងតែងរបស់អ៊ីស្រាអែល បានផ្លាស់ប្តូរអ្វីៗទាំងអស់។ ឥឡូវនេះ មន្ត្រីអាមេរិក និងអ៊ីស្រាអែល និងប្រទេសរាប់សិបដែលកំពុងធ្វើការរួមគ្នា ដើម្បីរក្សាលំហូរពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម កំពុងប្រឈមមុខនឹងអ៊ីរ៉ង់ ដែលឈ្លានពានថ្មី។ បន្ទាប់ពីបានបើកការវាយប្រហារជាច្រើនលើក ចាប់ពីប្រទេសលីបង់ ដល់សមុទ្រក្រហម ដល់អ៊ីរ៉ាក់ ក្រុមតំណាង បានចូលក្នុងជម្លោះដោយផ្ទាល់ជាមួយកងកម្លាំងអាមេរិកពីរដង ក្នុងសប្តាហ៍មុន ហើយសហរដ្ឋអាមេរិក កំពុងគំរាមកំហែងដោយចំហលើការវាយប្រហារតាមអាកាស ប្រសិនបើអំពើហិង្សាមិនថយចុះ។