
កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន(PRCS) បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញក្រុមស្ម័គ្រចិត្តរបស់ពួកគេ ព្យាបាលគ្រួសារដែលរងរបួសដោយសារការផ្លោងគ្រាប់កាំភ្លើងរបស់អ៊ីស្រាអែលនៅតំបន់ Al-Faluja របស់ហ្គាហ្សា ដែលស្ថិតនៅភាគខាងជើងដែនដីបិទច្រកមួយនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យលើកាលបរិច្ឆេត និងទីតាំងរបស់រូបភាពវីដេអូឃ្លីបមួយនេះបានឡើយ ។
PRCS បានផ្តល់អត្តសញ្ញាណអ្នកជំងឺថាជាក្មេងស្រី Tulin Rafat Shalha អាយុ ៣ឆ្នាំ និងឪពុកម្តាយរបស់នាង ហើយពួកគេទទួលបានការព្យាបាលក្នុងមូលដ្ឋានវេជ្ជសាស្រ្តរបស់ពួកគេនៅទីក្រុង Jabalia ។
ក្រុមអាជ្ញាធរតំបន់ហ្គាហ្សា និយាយថា មនុស្សជាង ២៣.០០០នាក់ ត្រូវបានសម្លាប់ ហើយមនុស្សស្ទើតែជិតទាំងអស់នៃចំនួនពលរដ្ឋសរុប ២,៣លាននាក់ ក្នុងតំបន់ហ្គាហ្សា បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ អំឡុងសង្រ្គាមរយៈពេលជាង ៣ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
ខណៈពេលនោះដែរ អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមឧទ្ទាមហេសប៊ូឡា នៅក្នុងការវាយប្រហារមួយនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ ។ នេះបើយោងតាមប្រភពដែលស្គាល់ពីប្រតិបត្តិការរបស់ក្រុមនេះ ដែលនេះគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរយៈពេលបីខែនៃអរិភាពនៅព្រំដែនលីបង់ និងអ៊ីស្រាអែល ។
ប្រភពព័ត៌មាននៅក្នុងប្រទេសលីបង់ បានឲ្យដឹងថា លោក Wissam Tawil ដែលជាមេបញ្ជាការនៃកងកម្លាំងវរជន Radwan របស់ក្រុមហេសប៊ូឡា និងជាមន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមមួយនេះ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ៕