
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃទី៨ ខែមករាថា រដ្ឋាភិបាលប៉ូឡូញត្រូវបានចោទប្រកាន់ថា កំពុងរារាំងការស៊ើបអង្កេតលើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream។
បំពង់បង្ហូរប្រេងក្រោមទឹក Nord Stream តភ្ជាប់រុស្ស៊ីទៅប្រទេសអាល្លឺម៉ង់ ត្រូវបានបំផ្ទុះ នៅក្នុងខែកញ្ញា ឆ្នាំ២០២២។ ការស៊ើបអង្កេត បានបន្តចាប់តាំងពីពេលនោះមក ប៉ុន្តែមិនទាន់មានការសន្និដ្ឋានច្បាស់លាស់អំពីប្រភពនៃការផ្ទុះនោះទេ។
បន្ទាប់ពីការផ្ទុះនេះ មន្ត្រីលោកខាងលិចជាច្រើន បានហៅការលេចធ្លាយបំពង់ថាជា «អំពើដោយចេតនានៃការបំផ្លិចបំផ្លាញ» ប៉ុន្តែមិនអាចបញ្ជាក់បានច្បាស់ថា ការខូចខាតនោះមានការទាក់ទងនឹងការពាក់ព័ន្ធរបស់រុស្ស៊ីដែរឬយ៉ាងណា។
ប្រទេសដាណឺម៉ាក បានបញ្ជាក់កាលពីខែមេសា ឆ្នាំ ២០២៣ ថា នាវា SS-750 របស់រុស្ស៊ី ត្រូវបានថតជាប់នៅជិតទីតាំងនៃបំពង់បង្ហូរ Nord Steam ដែលបានបំផ្លិចបំផ្លាញនោះ។
ប្រភពនៅក្នុងចារកម្មអង់គ្លេស បានប្រាប់កាសែតសារព័ត៌មាន Timesភ្លាមៗ បន្ទាប់ពីការផ្ទុះថា រុស្ស៊ីត្រូវបានចោទប្រកាន់ថានៅពីក្រោយការវាយប្រហារនេះ។